(ប៉េកាំង)៖ វិស្សមកាលបុណ្យជាតិនៃប្រទេសចិនឆ្នាំនេះ បានកន្លងផុតទៅរយៈពេលពាក់កណ្តាលរួចហើយ បើមើលពីការផ្សាយដំណឹងពាក់ព័ន្ធនៃរដ្ឋាភិបាលប្រទេសចិន និងប្រព័ន្ធសារព័ត៌មានបរទេសបានឱ្យដឹងថា ពិតមែនតែការរាតត្បាតនៃជំងឺកូវីដ១៩ នៅមិនទាន់បញ្ចប់នៅឡើយទេ ក៏ប៉ុន្តែដោយមកពីប្រទេសចិន បានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ មុនគេបង្អស់នៅលើពិភពលោក ព្រមទាំងបានចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដូច្នេះ ប្រទេសចិនបានគ្រប់គ្រងការរីករាលដាល នៃជំងឺឆ្លងដែលបណ្តាលមកពីវីរុសបម្លែងថ្មីប្រភេទដែលតា ហើយអំឡុងពេលវិស្សមកាលបុណ្យជាតិចិនឆ្នាំនេះ ប្រទេសចិនមានភាពរុងរឿង ប្រជាជនមានជីវភាពសម្បូរសប្បាយ និងប្រទេសទាំងមូលបានអបអរសាទរបុណ្យជាតិ ដោយសប្បាយរីករាយ។

យប់ថ្ងៃទី១ ខែតុលា នាយកដ្ឋានវប្បធម៌និងទេសចរណ៍ក្រុងប៉េកាំង បានចេញផ្សាយទិន្នន័យនៃថ្ងៃទីមួយនៃវិស្សមកាលនេះ តំបន់ទេសចរណ៍សំខាន់ៗនៃក្រុងប៉េកាំងចំនួន ១៩៩កន្លែង បានទទួលអ្នកទេសចរសរុប ១,៣២២,០០០នាក់ បានកើនឡើង ២១.៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ទទួលបានប្រាក់ចំណូល ១០០លានប្រាក់យាន់ចិន បានកើនឡើង ៣៩ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន និងកើនឡើង ៣.៤ដង បើប្រៀបធៀបនឹងឆ្នាំ២០១៩ ។

ដើម្បីធ្វើឱ្យប្រជាជនអបអរសាទរបុណ្យជាតិដោយសប្បាយរីករាយ តំបន់នានានៃប្រទេសចិនបានរៀបចំសកម្មភាពអបអរសាទរគ្រប់បែបយ៉ាង ។ សង្កាត់ឆៅយ៉ាងស៊ីនឈុន ខណ្ឌភូថួ ក្រុងសៀងហៃបានរៀបចំសកម្មភាពក្រោមប្រធានបទ “ថតរូបជាមួយទង់ជាតិ សូមកោតសរសើរមាតុប្រទេស”ជាដើម ។ អ្នកក្រុងបាននាំគ្នាកាន់ទង់ជាតិតូចដើរលេងទីកន្លែងមានសញ្ញាសម្គាល់និងថតរូប ដើម្បីសម្តែងការជូនពរដ៏ល្អបវរចំពោះមាតុប្រទេស ទឹកមុខញញឹមនិមួយៗ និងពាក្យជូនពរដ៏ស្មោះត្រង់ បានបង្ហាញពីក្តីស្រឡាញ់របស់ពួកគេចំពោះប្រទេសជាតិ។

អំឡុងពេលវិស្សមកាលបុណ្យជាតិចិនឆ្នាំនេះ សកម្មភាពដ៏អធិកអធម ដែលញ៉ាំងឱ្យអ្នកផងទាំងពួងចាប់អារម្មណ៍ជាងគេ គឺពិព័រណ៍អាកាសចរណ៍និងអវកាសអន្តរជាតិចិនលើកទី ១៣ ដែលរៀបចំធ្វើនៅក្រុង ជូហៃ ប្រទេសចិន។ ភាគីចូលរួមពិព័រណ៍នេះបានតាំងបង្ហាញពីបច្ចេកទេសជឿនលឿនរបស់ខ្លួន ក៏ដូចជាយន្តហោះធំ និងសំខាន់របស់ប្រទេសចិន ដែលពិបាកឃើញនៅពេលធម្មតា។ ពិព័រណ៍នៅក្រុងជូហៃលើកនេះ ធ្វើឱ្យអ្នកផងមើលឃើញកម្លាំងជាក់ស្តែងរបស់ប្រទេសចិន លើវិស័យឧស្សាហកម្មអាកាសចរណ៍និងអវកាស ហើយក៏បានបង្ហាញទៅកាន់ពិភពលោក នូវសមិទ្ធផលថ្មីដែលប្រទេសចិនចិនទទួលបាន ក្នុងកិច្ចកសាងបច្ចេកវិទ្យាអវកាស និងបរិក្ខារការពារជាតិផងដែរ។

សកម្មភាពអបអរសាទរបុណ្យជាតិចិន ក៏ទទួលបានការចាប់អារម្មណ៍ជាទូទៅ ពីសំណាក់ប្រព័ន្ធសារព័ត៌មាន និងឥស្សរជនបរទេសផងដែរ។ វេបសាយកាសែត «El Mundo» នៃប្រទេសអេស្ប៉ាញបានផ្សាយដំណឹងនៅថ្ងៃទី១ ខែតុលាថា ក្នុងអំឡុងបុណ្យជាតិចិន នៅមុខទ្វាររោងភាពយន្ត បានតុបតែងទង់ជាតិចិន ។ នៅទីផ្សារទំនើបនៅសង្កាត់ពាណិជ្ជកម្មក្រុងប៉េកាំង អ្នកក្រុងបានតម្រង់ជួរយ៉ាងវែង ដើម្បីរង់ចាំចូលរោងកុន ក្នុងនោះមានប្រុសស្រីក្មេងចាស់ទាំងក្រុមគ្រួសារ។
មុនពេលថ្ងៃបុណ្យជាតិចិន លោក Ivan Melnikov អនុប្រធានទីមួយនៃសភា Duma ជាតិរុស្ស៊ីនិងជាប្រធានសមាគមមិត្តភាពរវាងរុស្ស៊ី និងចិនបានសម្តែងការជូនពរចំពោះប្រទេសចិនថា៖ « ប្រទេសចិនបានយកឈ្នះលើយុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រ សម្រេចបាននូវគោលដៅតស៊ូព្យាយាមមួយរយឆ្នាំទីមួយ បានបង្ហាញពីគំរូនៃកិច្ចកសាងប្រទេសជាតិទៅកាន់ពិភពលោក។» នៅយប់ថ្ងៃទី១ ខែតុលា អគារ khalifah នៅប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលជាអគារខ្ពស់បំផុតលើពិភពលោក បានរៀបចំភ្លើងអំពូលចម្រុះពណ៌ ដើម្បីអបអរសាទខួបទី ៧២ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឆ្នាំនេះដែលជាខួបទី ៧២ នៃការបង្កើតប្រទេសចិនថ្មី ប្រទេសចិនបានសម្រេចបាននូវគោលដៅតស៊ូ ១០០ឆ្នាំ ទីមួយស្តីពីការកសាងសង្គមដែលប្រជាជនមាន ជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ បក្សកុម្មុយនិស្តចិនបានដឹកនាំប្រជាជនចិន លុបបំបាត់ភាពក្រីក្រដាច់ខាត នេះជាព្រឹតិ្តការណ៍ដ៏សំខាន់ដែលពុំធ្លាប់មាននៅលើពិភពលោក។

ពិភពលោកកំពុងឆ្លងកាត់បម្រែបម្រួលស្ថានការណ៍ដ៏ខ្លាំង ដែលពុំធ្លាប់មានក្នុងរយៈពេលមួយសតវត្សរ៍កន្លងមកសារៈសំខាន់ធំបំផុតនៃការអភិវឌ្ឍដោយសន្តិវិធី របស់ប្រទេសចិនចំពោះពិភពលោក គឺមិនត្រឹមតែនៅត្រង់ឥទ្ធិពលអន្តរជាតិដ៏ទូលំទូលាយ និងជ្រាលជ្រៅដែលនាំមកពីមួយភាគប្រាំ នៃចំនួនប្រជាជនពិភពលោកមានធូរធារប៉ុណ្ណោះទេ ថែមទាំងនៅនៅត្រង់ថា ការអភិវឌ្ឍរបស់ចិនបានផ្តល់កម្លាំងចលករ និងបង្កើតកាលានុវត្តភាពដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចសកល។ ប្រទេសចិនមិនអាចឃ្លាតពីពិភពលោកនោះទេ រីឯពិភពលោកវិញ ក៏មិនអាចឃ្លាតពីប្រទេសចិនផងដែរ៕