(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២៦,៩៣៣នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២៥៩នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៤,៥១៨,៤៣៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧១៩,៩៣៣នាក់ និងជាសះស្បើយឡើងសរុប ៣៣.៩៣លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ សហរដ្ឋអាមេរិកបានមើលឃើញ អត្រាឆ្លងជំងឺ COVID-19 ឡើងវិញដល់ខ្ទង់រាប់សែនករណីក្នុងមួយថ្ងៃៗ និងអត្រាអ្នកជំងឺដែលបាត់បង់ជីវិត ក៏លោតដល់ក្បែរៗ ២,០០០នាក់ក្នុងមួយថ្ងៃ ឡើងវិញផងដែរ។ បញ្ហានេះបានកើតមានឡើង ដោយសារតែការរាតត្បាតវីរុសបំប្លែងខ្លួន Delta និងប្រជាជនជិតពាក់កណ្តាលទៀតនៅសហរដ្ឋអាមេរិក នៅតែមិនព្រម ឬមិនទាន់ទទួលបានការចាក់វ៉ាក់សាំងបង្ការ។

បន្ទាប់ចំនួនអ្នកស្លាប់សរុប ដោយសារជំងឺ COVID-19 ទូទាំងសហរដ្ឋអាមេរិក លោតដល់ខ្ទង់ ៧០០,០០០នាក់នោះ អ្នកជំនាញជាន់ខ្ពស់ផ្នែកជំងឺឆ្លង លោក អាន់ថូនី ហ្វាវស៊ី (Anthony Fauci) បានអះអាងថា សហរដ្ឋអាមេរិកកំពុងមានការជឿនលឿនទៅមុខ ក្នុងការទប់ស្កាត់ការកើនឡើងនៃករណីឆ្លង COVID-19 ប៉ុន្តែមិនទាន់អាចគេចចេញពីគ្រោះថ្នាក់បាន ទំាងស្រុងនៅឡើយទេ ហើយតម្រូវឱ្យបង្កើនការចាក់វ៉ាក់សាំងបង្ការជាចាំបាច់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ៣៩៥លានដូស ក្នុងនោះប្រជាជន ២១៤.៨៧លាននាក់ (៦៥.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៨៥.១៤លាននាក់ (៥៦.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស។ សម្រាប់ចំនួននៃការចាក់ដូសទី ៣ នៅទូទាំងសហរដ្ឋអាមេរិកវិញនោះ គឺមិនទាន់មានការបញ្ជាក់នោះឡើយ៕