(សេអ៊ូល)៖ នៅទីបំផុតខ្សែទូរស័ព្ទសម្រាប់ធ្វើទំនាក់ទំនង ឆ្លងកាត់ព្រំដែនរវាងប្រទេសកូរ៉េទាំងពីរ ត្រូវបានស្តារឡើងវិញហើយ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបង្ហាញភាពស្ងប់ស្ងាត់ មិនឆ្លើយតបអ្វីសោះតាំងតែពីខែសីហា។ នេះបើតាមប្រភពពីរដ្ឋាភិបាលកូរ៉េខាងត្បូង ដកស្រង់ និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នាព្រឹកថ្ងៃចន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១។

ការស្តារខ្សែទូរស័ព្ទឡើងវិញនេះ បានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបានធ្វើតេស្តគ្រាប់មីស៊ីលថ្មី ដែលបង្កឲ្យអន្តរជាតិព្រួយបារម្ភ ចំពោះភាពតានតឹងខ្លាំងឡើងៗ នៅក្នុងតំបន់ឧបទ្វីបកូរ៉េទាំងមូល។ កិច្ចប្រជុំបន្ទាន់នៅក្នុងក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) អាចនឹងត្រូវរៀបចំឡើងឆាប់ៗនេះ ដើម្បីឆ្លើយតបស្ថានការណ៍ជារួម។

សម្រាប់ការបើកដំណើរការខ្សែទូរស័ព្ទឡើងវិញនេះ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានប្រកាសឲ្យដឹងទៀតថា ភាគីទាំងពីរបានធ្វើទំនាក់ទំនងគ្នា តាមរយៈការហៅទូរស័ព្ទទៅវិញទៅមក នៅព្រឹកថ្ងៃចន្ទនេះតែម្តង។ កូរ៉េខាងត្បូងក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា ទំនាក់ទំនងជាមួយកូរ៉េខាងជើង នឹងអាចស្តារឡើងវិញជាបណ្តើរៗ។

គួរបញ្ជាក់ថា សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ក៏បានចុះផ្សាយផងដែរ អំពីចេតនារបស់ប្រមុខដឹកនាំកំពូល លោក គីម ជុងអ៊ុន ក្នុងការបើកដំណើរការ ខ្សែទូរស័ព្ទធ្វើទំនាក់ទំនងឆ្លងកាត់ព្រំដែន រវាងប្រទេសកូរ៉េទាំងពីរឡើងវិញ នៅព្រឹកថ្ងៃចន្ទនេះ។ KCNA បានរំលេចទៀតថា ការបោះជំហានរបស់លោក គីម ជុងអ៊ុន បែបនេះគឺដើម្បីបង្កើត «សន្តិភាពយូរអង្វែង» នៅលើឧបទ្វីបកូរ៉េ៕