(ឌូបៃ)៖ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ បាននិយាយថាក្រុមមន្ត្រីអាមេរិកបានព្យាយាមទំនាក់ទំនងជាមួយប្រទេសរបស់លោកដើម្បីរៀបចំកិច្ចចរចានុយក្លេអ៊ែរឡើងវិញ កាលពី ខែកញ្ញា កន្លងទៅ។ ប៉ុន្តែ លោកបានស្នើឱ្យទីក្រុងវ៉ាស៊ីនតោន បញ្ចេញប្រាក់ចំនួន ១០ពាន់លានដុល្លាររបស់ទីក្រុងតេហេរ៉ង់ដែលត្រូវបានបង្កកជាមុនសិន ជាការបង្ហាញពីចេតនាល្អ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៣ ខែតុលា ឆ្នាំ២០២១។

លោក ហូសេន អាមៀអាប់ឌុលឡាហៀន (Hossein Amirabdollahian) ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋអ៉ីរ៉ង់នៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះដោយការអះអាងថាសហរដ្ឋអាមេរិកបានពឹងឱ្យអន្តរការី នៅឯអង្គការសហប្រជាជាតិកាលពីខែកញ្ញាកន្លងទៅ ក្នុងគោលបំណងទាក់ទងមកកាន់អ៉ីរ៉ង់។

លោក ហូសេន បានបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកបានព្យាយាមទំនាក់ទំនងមកកាន់ពួកយើងតាមមធ្យោបាយផ្សេងៗគ្នា នៅឯមហាសនិ្នបាតអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉កហើយខ្ញុំបានប្រាប់អន្តរការីនោះថាប្រសិនបើអាមេរិកពិតជាមានចេតនាប្រាកដប្រជាមែន...ពួកគេត្រូវតែបញ្ចេញប្រាក់ ១០ពាន់លានដុល្លាររបស់អ៉ីរ៉ង់ដែល ត្រូវបានបង្កកជាមុនសិន»

គួរបញ្ជាក់ថា អ៉ីរ៉ង់បានបដិសេធចូលរួមកិច្ចចរចាជាមួយសហរដ្ឋអាមេរិក តែកន្លងមកបានរៀបចំកិច្ចចរចាដោយប្រយោលមួយនៅឯទីក្រុងវីយ្យែន ប្រទេសអូទ្រីស ដើម្បី ព្យាយាមស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលមានគោលដៅរារាំងអ៉ីរ៉ង់មិនឱ្យមានសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរ៕