(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅថ្ងៃសៅរ៍នេះ បានប្រកាសជាផ្លូវការថា រូបលោកនឹងមិនឈរឈ្មោះជា បេក្ខជនអនុប្រធានាធិបតី ក្នុងការបោះឆ្នោតនៅឆ្នាំ២០២២នោះឡើយ ហើយលោកនឹងចូលនិវត្តន៍ពីវិស័យនយោបាយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០២ ខែតុលា ឆ្នាំ២០២១។

លោក ឌូតឺតេ បានបកស្រាយថា ការសម្រេចចិត្តបែបនេះរបស់លោក គឺឆ្លើយតបចំពោះការចង់បានរបស់សាធារណជន។ ពីដំបូងឡើយ គ្រប់គ្នារំពឹងថា លោកប្រធានាធីបតីហ្វីលីពីនជិតផុតអាណត្តិរូបនេះ នឹងឈរឈ្មោះជាអនុប្រធានាធិបតី នៅក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតី ដែលត្រូវរៀបចំឡើងនៅឆ្នាំក្រោយ។

គួរបញ្ជាក់ថា លោក ឌូតឺតេ បានឡើងកាន់តំណែងជាប្រធានាធិបតីទី១៦ នៃប្រទេសហ្វីលីពីន កាលពីខែមិថុនា ឆ្នាំ២០១៦។ លោក ឌូតឺតេ នឹងត្រូវផុតអាណត្តិ នៅឆ្នាំ២០២២ខាងមុខ ហើយមិនអាចបន្តឈរឈ្មោះជា ប្រធានាធិបតីទៀតបានឡើយ។ យោងទៅតាមច្បាប់របស់ហ្វីលីពីន ប្រធានាធិបតីអាចកាន់អំណាច បានត្រឹម១អាណត្តិប៉ុណ្ណោះ ប៉ុន្តែវាមានរយៈពេល៦ឆ្នាំ៕