(តៃប៉ិ)៖ កោះតៃវ៉ាន់បានអះអាងថា កាលពីយប់ថ្ងៃសុក្រ និងព្រឹកថ្ងៃសៅរ៍នេះ ក្បួនយន្តហោះចម្បាំងចិនធំបំផុតមិនធ្លាប់មាន បានចល័តចូលមកក្នុង តំបន់ការពារដែនអាកាសរបស់ខ្លួន ស្ថិតនៅពីលើប្រជុំកោះ ប្រាតាស់ (Pratas) ដែលតៃវ៉ាន់ជាអ្នកគ្រប់គ្រង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាព្រឹកថ្ងៃសៅរ៍ ទី០២ ខែតុលា ឆ្នាំ២០២១។

បើតាមប្រភពពីកោះតៃវ៉ាន់ ក្បួនយន្តហោះចម្បាំងចិនខាងលើនេះ មានយន្តហោះជាច្រើនប្រភេទ សរុបរហូតដល់ទៅ ៣៨គ្រឿងឯណោះដូចជា យន្តហោះចម្បាំង J-16 ចំនួន ១៨គ្រឿង និង Su-30 ចំនួន ៤គ្រឿង, យន្តហោះទម្លាក់គ្រាប់បែក H-6 ចំនួនពីរគ្រឿង និងយន្តហោះប្រឆាំងនាវាមុជទឹកមួយគ្រឿងផងដែរ។

កោះតៃវ៉ាន់បានអះអាងទៀតថា ឈានចូលមកដល់ព្រឹកព្រហាមថ្ងៃសៅរ៍នេះ ខ្លួនក៏បានប្រទះឃើញយន្តហោះចិនសរុប ១៣គ្រឿងទៀតផងដែរ ក្នុងនោះមានដូចជា យន្តហោះ J-16 ចំនួន ១០គ្រឿង, យន្តហោះទម្លាក់គ្រាប់បែក H-6 ចំនួន ២គ្រឿង និងយន្តហោះអង្កេតការណ៍ចំនួនមួយគ្រឿងទៀត។ កោះតៃវ៉ាន់ក៏បានបញ្ជូនយន្តហោះរបស់ខ្លួន ដើម្បីរុញច្រានយន្តហោះចិនទាំងនោះ ឲ្យត្រលប់ទៅវិញផងដែរ។

គួរបញ្ជាក់ថា ការបញ្ជូនក្បួនយន្តហោះចិន មកក្បែរៗកោះតៃវ៉ាន់លើកនេះ បានកើតមានឡើង បន្ទាប់ពីសហរដ្ឋអាមេរិកនៅចំពោះមុខ UN បានសន្យាជួយជ្រោមជ្រែងកោះតៃវ៉ាន់ ឲ្យចូលរួមវេទិកាថ្នាក់អន្តរជាតិ។ យ៉ាងណាក៏ដោយ នៅក្នុងគោលនយោបាយ «ចិនតែមួយ» ដែលសូម្បីតែសហរដ្ឋអាមេរិកផ្ទាល់ ក៏បានទទួលស្គាល់រាប់ទសវត្សរ៍ មកហើយដែរនោះបានចែងថា កោះតៃវ៉ាន់ត្រឹមតែជាខេត្តមួយ នៃប្រទេសចិនតែប៉ុណ្ណោះ ហើយកន្លងមកនេះចិនតែងតែប្តេជ្ញាជានិច្ច ដោយមិនអនុញ្ញាតឲ្យកម្លាំងពីខាងក្រៅណា មកបំបែកតៃវ៉ាន់ចេញពីចិនជាដាច់ខាត៕