(ហុងកុង)៖ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Winston Churchill ធ្លាប់បាននិយាយពាក្យមួយឃ្លា នៅអំឡុងសម័យសង្រ្គាមលោកលើកទី២ ដែលគេនៅចាំមិនភ្លេចថា «រឿងដែលអាក្រក់បំផុត នោះគឺការធ្វើសង្រ្គាមដោយគ្មានសម្ព័ន្ធមិត្ត»។ ពាក្យមួយឃ្លានេះហាក់ដូចជាត្រូវបានលោកប្រធានាធិបតីអាមេរិក ចូ បៃដិន យកមកអនុវត្តជាសកម្មភាពក្នុងការប្រមូលផ្ដុំកម្លាំងសម័្ពន្ធមិត្ត និងប្រទេសជាដៃគូ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងឥទ្ធិពលចិន។

កាលពីថ្ងៃទី១៥ ខែកញ្ញាកន្លងទៅនេះ សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលីបានប្រកាសពីការបង្កើតសម្ព័ន្ធភាពយោធាត្រីភាគីថ្មីមួយមានឈ្មោះថា AUKUS ហើយនៅក្រោមសម្ព័ន្ធភាពថ្មីនេះ អាមេរិក និងអង់គ្លេសដែលសុទ្ធសឹងតែជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសន្យាជួយទីក្រុងកង់បេរ៉ាផលិត នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរយ៉ាងហោច ៨គ្រឿងដែលនេះនឹងធ្វើឱ្យអូស្ត្រាលីក្លាយជាប្រទេសទី ៧ នៅលើពិភពលោកដែលមាននាវាមុជទឹកនុយក្លេអ៊ែរ។

លើសពីនេះទៅទៀត ការបង្កើតសម្ព័ន្ធភាព AUKUS នេះសមស្របទៅតាមគំនិតបង្កើតសម្ព័ន្ធភាព និងភាពជាដៃគូដែលលោក ចូ បៃដិន តែងតែលើកឡើង ហើយវាក៏ស្រប ផងដែរទៅតាមយុទ្ធសាស្ត្រអាមេរិក ក្នុងការប្រមូលថាមពលរបស់ខ្លួនឡើងវិញទប់ទល់ជាមួយចិន ដែលរដ្ឋបាលលោក បៃដិនផ្ទាល់ចាត់ទុកថាជាគូប្រជែងភូមិសាស្រ្ត នយោបាយដ៏ធំបំផុតរបស់អាមេរិកនៅក្នុងស.វទី២១ នេះ។ ប៉ុន្តែនៅម្ខាង អាស៊ានត្រូវបានគេមើលឃើញថានឹងត្រូវប្រឈមមុខបញ្ហាខ្លាំងជាងគេពី AUKUS ពីព្រោះបណ្ដាប្រទេសអាស៊ានជាច្រើនស្ថិតនៅជុំវិញតំបន់សមុទ្រចិនខាងត្បូង ជាតំបន់យុទ្ធសាស្ត្រមួយនៅទល់មុខអូស្ត្រាលី។ មិនតែប៉ុណ្ណោះ រដ្ឋជាសមាជិកមួយចំនួនថែមទាំងស្ថិតនៅលើតំបន់យុទ្ធសាស្ត្រ «First Island Chain» ដែលសហរដ្ឋអាមេរិកកំពុងប្រើប្រាស់ដើម្បីខ្ទប់ឥទ្ធិពលចិន។

តាមរយៈការបង្កើតសម្ព័ន្ធភាព AUKUS, អាស៊ាននឹងត្រូវប្រឈមមុខនឹងបញ្ហាប្រឈមធំៗចំនួន៣។ ទីមួយ៖ នោះគឺអាស៊ានអាចនឹងធ្លាក់ចូលទៅក្នុងបញ្ហាផ្នែកសន្តិសុខ ដោយធ្វើឱ្យរដ្ឋជាសមាជិកនីមួយៗយល់ថាខ្លួនឯងកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់។ ការសន្យាផ្ដល់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរឱ្យអូស្ត្រាលីរបស់សហរដ្ឋអាមេរិក និងអង់គ្លេស មិនមែនមានន័យត្រឹមតែពង្រឹងសមត្ថភាពយោធាអូស្ត្រាលីប៉ុណ្ណោះទេ តែវាក៏អាចបង្កទៅជាការរត់ប្រណាំងសព្វាវុធនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ។

ចាប់តាំងពីចូលដល់ស.វទី២១មក, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, វៀតណាម និងបណ្ដាប្រទេសជាសមាជិកអាស៊ានមួយចំនួនទៀត ប្រើប្រាស់នាវាមុជទឹកដោយថាមពលអគ្គសនី ឬឥន្ធនៈធម្មតា និងនាវាចម្បាំងទិញពីអាល្លឺម៉ង់ ឬក៏រុស្ស៊ី។ តែចាប់តាំងពីឆ្នាំ២០១០ ពោលគឺក្រោយស្ថានការណ៍នៅសមុទ្រចិនខាងត្បូងកាន់តែតានតឹងឡើង ប្រជាជាតិ ទាំងនេះបានបង្កើនល្បឿនធ្វើទំនើបកម្មកងទ័ពជើងទឹករៀងៗខ្លួនតាមរយៈការបញ្ជាទិញបរិក្ខាយោធាពីមហាអំណាច។ តែទោះជាបែបនេះក្ដី នាវាមុជទឹករបស់ពួកគេ មិនអាចយកទៅធៀបនឹងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលអាចបំពាក់អាវុធនុយក្លេអ៊ែរនោះទេ។ នៅត្រង់នេះអ្វីដែលគួរឱ្យបារម្ភនោះគឺថាអូស្ត្រាលីមុខជានឹង ប្រើនាវាមុជទឹកនុយក្លេអ៊ែរ សម្រាប់ធ្វើប្រតិបត្តិការនៅឯសមុទ្រចិនខាងត្បូង ដើម្បីបង្ហាញការគាំទ្រដល់ប្រតិបត្តិការធ្វើនាវាចរដោយសេរី និងបើកចំហតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ដូច្នេះបណ្ដាប្រទេសអាស៊ាននឹងមានអារម្មណ៍ថា ប្រទេសជិតខាងមួយដូចជាអូស្ត្រាលីដែលមានយោធាខ្លាំងក្លានឹងកាន់តែមកជិតរបងផ្ទះរបស់ពួកគេ។ ជាធម្មតាអាស៊ាន គឺតែងតែពឹងផ្អែកលើសមតុល្យនៃពួកមហាអំណាចដើម្បីធានាសន្តិសុខរបស់ពួកគេ។ មានន័យថាអំណាចរបស់ពួកមហាអំណាចមិនលើស មិនខ្វះគ្នា ប៉ុន្តែការបង្កើត AUKUS នឹងធ្វើឱ្យអំណាចផ្អៀងទៅរកសហរដ្ឋអាមេរិកកាន់តែខ្លាំងរាប់ចាប់ពីតំបន់អាស៊ីអាគ្នេយ៍ រហូតដល់តំបន់ប៉ាស៊ីហ្វិកខាងត្បូង ដែលនេះនឹងបំផ្លាញសមតុល្យអំណាចនៅក្នុងតំបន់ ហើយអាស៊ាននឹងគ្មានជម្រើសអ្វីផ្សេងក្រៅតែពីសម្រេចចិត្តថា តើយុទ្ធសាស្ត្រស្វែងរកសមតុល្យរបស់ខ្លួននឹងត្រូវឆ្ពោះទៅទីណា?

ពិតមែនទៅ ការធ្វើសមាហរណកម្មនយោបាយ និងសន្តិសុខរបស់អាស៊ានមានកម្រិតទាបបំផុតធៀបទៅនឹងសហភាពអឺរ៉ុប ហើយសព្វថ្ងៃ រដ្ឋជាសមាជិកនៅតែមិនអាចរក ឃើញជំហររួមទាំងខាងនយោបាយការទូត និងការពារជាតិ។ វាពិតជាពិបាកខ្លាំងណាស់សម្រាប់អាស៊ានក្នុងការពឹងផ្អែកលើ «យុទ្ធសាស្ត្រការពារជាសមូហភាព» ក្នុងការ ស្វែងរក «សន្តិសុខជាសមូហភាព» ដោយពួកគេមានតែត្រូវពឹងផ្អែកលើសមត្ថភាពយោធាខ្លួនឯងរៀងៗខ្លួន និងសមត្ថភាពអនុវត្តនយោបាយការទូតឯករាជ្យ តែប៉ុណ្ណោះ។ សម្ព័ន្ធភាព AUKUS និងគម្រោងផលិតនាវាមុជទឹកនុយក្លេអ៊ែរអូស្ត្រាលី អាចនឹងបង្ខំឱ្យបណ្ដាប្រទេសអាស៊ានមានអារម្មណ៍ថាគ្មានសន្តិសុខ ហើយងាកទៅនឹងការរត់ប្រណាំង សព្វាវុធ។

ចំណុចទី២៖ អាស៊ាននឹងត្រូវគិតថា តើត្រូវធ្វើបែបណាដើម្បីកុំឱ្យធ្លាក់ចូលក្នុងស្ថានភាពបង្ខំចិត្តត្រូវជ្រើសរើសយកមួយរវាងអាមេរិក និងចិន។ សហរដ្ឋអាមេរិកជារឿយៗ តែងតែអះអាងថា មិនមានចេតនាបង្ខំឱ្យអាស៊ានជ្រើសរើសរវាងចិន និងសហរដ្ឋអាមេរិកនោះទេ។ តែតាមរយៈការបង្កើតសម្ព័ន្ធភាព AUKUS វាបានបង្ហាញកាន់តែច្បាស់ ថាបក្សសម្ព័ន្ធ ឬប្លុកប្រឆាំងចិនដឹកនាំដោយសហរដ្ឋអាមេរិកបានលេចចេញជារូបរាងជាបណ្ដើរៗ។ បើតាមក្រុមអ្នកជំនាញ តំបន់អាស៊ានគឺជាទីតាំងភូមិសាស្ត្រនយោបាយ ដ៏សំខាន់ និងពិសេសបំផុតមួយដែលអាចកំណត់ពីភាពជោគជ័យ និងបរាជ័យនៃយុទ្ធសាស្ត្រខ្ទប់ឥទ្ធិពលចិនរបស់សហរដ្ឋអាមេរិក។ នៅត្រង់នេះមានរឿងពីរយ៉ាងដែលត្រូវពិចារណា។ ម្យ៉ាងវាជារឿងដ៏ពិបាក ដែលអាមេរិកចង់ប្រមូលកម្លាំងប្រឆាំងចិន ដោយងាយស្រួលដោយសារតែខ្វះកិច្ចសហប្រតិបត្តិការពីអាស៊ាន។

រីឯម្យ៉ាងទៀតនោះគឺចិនជាមិត្តជិតខាងអព្យាក្រឹតផង និងជាដៃគូសេដ្ឋកិច្ច រួមទាំងពាណិជ្ជកម្មផងមិនអាចខ្វះបានរបស់អាស៊ាន។ ជាជម្រើសមួយដ៏ប្រសើរ, អាស៊ាននឹងប្រឹង ប្រែងរក្សាឱ្យបាននូវឯករាជ្យភាពទាំងខាងការទូត និងសន្តិសុខ ជាពិសេសគឺនយោបាយអព្យាក្រឹតតែម្ដង។ តែចង់ ឬមិនចង់ ស្ថិតនៅចំកណ្ដាលនៃការប្រជែងឥទ្ធិពលគ្នា រឹតតែខ្លាំងរវាងអាមេរិក និងចិន អាស៊ានដែលគ្មានជំហររួមច្បាស់លាស់ប្រហែលជានឹងពិបាកគេចផុតណាស់ពីការបង្ខំចិត្តត្រូវជ្រើសរើសយកមួយរវាងមហាអំណាចទាំង២។

ចំណុចទី៣៖ សម្ព័ន្ធភាព AUKUS អាចនឹងបំបែកបាក់ផ្ទៃក្នុងអាស៊ាន ក៏ដូចជារារាំងដល់នីតិវិធីធ្វើសមារណកម្មនយោបាយ និងសន្តិសុខរបស់អាស៊ាន។ ប្រតិកម្មឆ្លើយតបរបស់បណ្ដាប្រទេសអាស៊ានចំពោះការបង្កើត AUKUS មិនមានជំហររួមនោះទេ ដោយមានខ្លះនៅស្ងៀមតែនៅក្នុងចិត្តគាំទ្រ, ខ្លះជំទាស់ រីឯខ្លះទៀតគាំទ្រ។ ជាក់ស្ដែង ហ្វីលីពីន តាមរយៈរដ្ឋមន្ត្រីការបរទេស លោក Teodoro Lochen បាននិយាយគាំទ្រជាសាធារណៈថា AUKUS នឹងជួយរក្សាសន្តិភាព ហើយនឹងមិនបំផ្លាញសន្តិសុខ ឬស្ថិរភាពនៅក្នុងតំបន់នោះទេ។ ដូចគ្នាទៅនឹងហ្វលីពីនដែរ សិង្ហបុរីយល់ឃើញថាសម្ព័ន្ធភាពនេះនឹងចូលរួមចំណែកក្នុងការជួយរក្សាស្ថិរភាព និងសន្តសុខនៅក្នុងតំបន់ តែមិនបានបង្ហាញជំហគាំទ្រត្រង់ៗឡើយ។

ចំណែកឯ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ីវិញ បានបង្ហាញជំហរជំទាស់ចំពោះការយល់ឃើញបែបនេះ ដោយថែមទាំងព្រមានទៀតផងថា AUKUS និងការផ្ដល់នាវាមុជទឹក នុយក្លេអ៊ែរឱ្យអូស្ត្រាលីអាចនឹងបង្កទៅជាការរត់ប្រណាំងសព្វាវុធនៅក្នុងតំបន់។ វៀតណាម កម្ពុជា និងសមាជិកដែលនៅសល់បានរក្សាជំហរស្ងៀមស្ងាត់ ប៉ុន្តែវៀតណាម ដែលជាភាគីជម្លោះដែនទឹកជាមួយចិននៅឯតំបន់សមុទ្រចិនខាងត្បូង ត្រូវបានគេមើលឃើញថា គ្មានហេតុផលអ្វីត្រូវជំទាស់នឹងការបង្កើត AUKUS នោះឡើយ។

ការបង្ហាញជំហរផ្សេងៗគ្នារបស់អាស៊ានចំពោះសម្ព័ន្ធភាព AUKUS វាមានជាប់ពាក់ព័ន្ធទៅនឹងទស្សនៈយល់ឃើញរបស់ពួកគេចំពោះតម្រូវការការពារផ្នែកសន្តិសុខ និងកិច្ចសហការជាមួយសហរដ្ឋអាមេរិក និងទស្សនៈយល់ឃើញចំពោះតួនាទីរបស់ចិននៅក្នុងតំបន់។ ជាឧទាហរណ៍ដូចជា ហ្វីលីពីន និងវៀតណាមដែលមានជម្លោះដែនទឹក ខ្លាំងជាងគេជាមួយចិន មុខជានឹងគាំទ្រដល់យុទ្ធសាស្រ្តខ្ទប់ឥទ្ធិពលចិន ទោះជាពេលខ្លះមិននិយាយចេញមកក្រៅក៏ដោយ។ ដូច្នេះការគ្មានជំហររួម ឬមានជំហរផ្ទុយគ្នា អាចនឹងបង្កឧបសគ្គរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្មសន្តិសុខ និងនយោបាយរបស់អាស៊ាននៅឆ្នាំ២០២៥៕

ប្រភព៖ National Institute for South China Sea Studies (ថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១)