(វ៉ាស៉ីនតោន)៖ មន្រ្តីតំណាងពាណិជ្ជកម្មអាមេរិក លោកស្រី កាត់ធើរីន តៃ (Katherine Tai) នឹងបង្ហាញពីយុទ្ធសាស្រ្តពាណិជ្ជកម្មរបស់រដ្ឋបាល ប្រធានាធិបតីអាមេរិក លោក បៃដិន សម្រាប់ប្រទេសចិន ដែលគ្រប់គ្នាទន្ទឹងរង់ចាំជាយូរមកហើយនោះ នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១។

ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក បានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា ក្នុងកម្មវិធីមួយនៅឯស្ថាប័នស្រាវជ្រាវ Center for Strategic Studies ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៉ីនតោន លោកស្រី តៃ នឹងថ្លែងអំពីលទ្ធផលនៃការវាយតម្លៃរបស់លោកស្រី ជុំវិញគោលនយោបាយពាណិជ្ជកម្មចំពោះចិន របស់សហរដ្ឋអាមេរិក ព្រមទាំងបង្ហាញពីយុទ្ធសាស្រ្តពាណិជ្ជកម្មសម្រាប់ប្រទេសចិន របស់រដ្ឋបាលលោក បៃដិន ផងដែរ។

គួរបញ្ជាក់ថា ចាប់តាំងពីចូលកាន់តំណែងកាលពីខែមីនា ឆ្នាំ២០២១ លោកស្រី តៃ បានទទួលបន្ទុកធ្វើការងារវាយតម្លៃគ្រប់ជ្រុងជ្រោយលើ គោលនយោបាយពាណិជ្ជកម្មរបស់ទីក្រុងវ៉ាស៉ីនតោន ចំពោះប្រទេសចិន។ លោក បៃដិន បានរក្សាទុកការដំឡើងពន្ធលើទំនិញទំហំរាប់រយ ពាន់លានដុល្លាររបស់ចិន ដែលបន្សល់ទុកដោយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយមកទល់ពេលនេះ រដ្ឋបាលលោក មិនបានបង្ហើបអ្វីច្រើនឡើយ អំពីមធ្យោបាយនៃការដោះស្រាយបញ្ហាពាណិជ្ជកម្មជាមួយប្រទេសចិន៕