(ស៉ីដនី)៖ កិច្ចចរចាស្តីពីការធ្វើពាណិជ្ជកម្មដោយសេរី រវាងសហភាពអឺរ៉ុប (EU) និងអូស្រ្តាលី ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារតែ បញ្ហាជម្លោះដែលផ្ទុះឡើង ក្រោយការសម្រេចចិត្តរបស់ទីក្រុងកង់បេរ៉ា ក្នុងការលុបចោលកិច្ចសន្យាធំមួយ ទាក់ទងនឹងការទិញនាវាមុជទឹក ពីប្រទេសបារាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១។

មន្រ្តី EU ម្នាក់នៅទីក្រុងកង់បេរ៉ា បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រនេះថា កិច្ចចរចាពាណិជ្ជកម្មសេរីខាងលើនេះ ត្រូវបានផ្អាក សម្រាប់រយៈពេល១ខែ គឺរហូតដល់ខែវិច្ឆិកា ឆ្នាំ២០២១។ ការចរចានេះបានចាប់ផ្តើមដំបូង កាលពីឆ្នាំ២០១៨ ហើយភាគីទាំងសងខាង ធ្លាប់មានក្តីសង្ឃឹមថា នឹងអាចឈានដល់កិច្ចព្រមព្រៀងចុងក្រោយ នៅចុងឆ្នាំនេះ។ ប៉ុន្តែយោងតាមស្ថានការណ៍បច្ចុប្បន្ន អនាគតនៃដំណើរការចរចា កំពុងស្ថិតក្រោមភាពស្រពិចស្រពិល។

គួរបញ្ជាក់ថា កាលពីខែកញ្ញាកន្លងទៅ អូស្រ្តាលីបានប្រកាសលុបចោល កិច្ចសន្យាទំហំរាប់ពាន់លានដុល្លារ សម្រាប់ការទិញនាវាមុជទឹក ១២គ្រឿងពីប្រទេសបារាំង ដោយសារទីក្រុងកង់បេរ៉ា បានងាកទៅរកនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិកវិញ តាមរយៈការបង្កើតសម្ព័ន្ធភាពសន្តិសុខត្រីភាគីថ្មីមួយ រវាងអាមេរិក អង់គ្លេស និងអូស្រ្តាលី។

ទង្វើនេះបានបង្កឲ្យមានជម្លោះការទូតធ្ងន់ធ្ងររវាងអូស្រ្តាលី និងបារាំង ដែលជាសមាជិកដ៏ធំមួយនៅ EU ហើយឥឡូវនេះវាហាក់កំពុងប៉ះពាល់ ដល់ទំនាក់ទំនងជាមួយប្លុក EU ទាំងមូលតែម្តង។ សហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មធំជាងគេលំដាប់ទី៣ របស់ប្រទេសអូស្រ្តាលី ដោយការធ្វើពាណិជ្ជកម្មទំនិញរវាងភាគីទាំងពីរ មានទំហំជាង៤២ពាន់លានដុល្លារ និងការធ្វើពាណិជ្ជកម្មសេវាកម្មមានទំហំជាង ៣០ពាន់លានដុល្លារ កាលពីក្នុងឆ្នាំ២០២០៕