(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១១៣,៩២២នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៨១២នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៤,៣១៤,៤២៤ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧១៦,៨៤៧នាក់ និងជាសះស្បើយឡើងសរុប ៣៣.៧២លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ សហរដ្ឋអាមេរិកបានមើលឃើញ អត្រាឆ្លងជំងឺ COVID-19 ឡើងវិញដល់ខ្ទង់រាប់សែនករណីក្នុងមួយថ្ងៃៗ និងអត្រាអ្នកជំងឺដែលបាត់បង់ជីវិត ក៏លោតដល់ខ្ទង់ ២,០០០នាក់ក្នុងមួយថ្ងៃ ឡើងវិញផងដែរ។ បញ្ហានេះបានកើតមានឡើង ដោយសារតែការរាតត្បាតវីរុសបំប្លែងខ្លួន Delta និងប្រជាជនជិតពាក់កណ្តាលទៀតនៅសហរដ្ឋអាមេរិក នៅតែមិនព្រម ឬមិនទាន់ទទួលបានការចាក់វ៉ាក់សាំងបង្ការ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ៣៩២លានដូស ក្នុងនោះប្រជាជន ២១៤.០៤លាននាក់ (៦៥.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៨៤.៣៣លាននាក់ (៥៦.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស។ សម្រាប់ចំនួននៃការចាក់ដូសទី ៣ នៅទូទាំងសហរដ្ឋអាមេរិកវិញនោះ គឺមិនទាន់មានការបញ្ជាក់នោះឡើយ៕