(កាប៊ុល)៖ មន្រ្តីជាន់ខ្ពស់នៃសហព័ន្ធអន្តរជាតិកាកបាទក្រហម និងចន្ទក្រហម (IFRC) បានព្រមាននៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញានេះថា ប្រព័ន្ធសុខាភិបាលរបស់ប្រទេសអាហ្វហ្គានីស្ថានកំពុងឈានដល់ចំណុចជិតដួលរលំហើយ ដោយនិយាយថាមណ្ឌលសុខភាពជាង២,០០០កន្លែងត្រូវបានបិទនៅទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១។

IFRC បានព្រមានថា ការខ្វះខាតថវិកាយ៉ាងធ្ងន់ធ្ងរកំពុងជំរុញឱ្យប្រព័ន្ធសុខាភិបាលរបស់ប្រទេសអាហ្វហ្គានីស្ថានឈានដល់ចំណុចជិតដួលរលំហើយ។

លោក Alexander Matheou នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ IFRC បានប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុងកាប៊ុលថា «ប្រជាជនអាចយល់ព្រមធ្វើការដោយគ្មានប្រាក់ខែពីរបីសប្តាហ៍ទៀតតែប៉ុណ្ណោះ»

លោក Matheou បានប្រាប់ AFP នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរយៈពេល៤ ថ្ងៃទៅកាន់ប្រទេសអាហ្វហ្គានីស្ថានថា «មកទល់ពេលនេះមណ្ឌលសុខភាពជាង២,០០០កន្លែងហើយ ត្រូវបានបិទ...ខណៈបុគ្គលិកសុខាភិបាលជាង២០,០០០ នាក់លែងទៅធ្វើការ ឬកំពុងធ្វើការដោយមិនទទួលបានប្រាក់ខែ»

គួរបញ្ជាក់ថា សង្គ្រាមជាង៤ទសវត្ស សេដ្ឋកិច្ចរបស់អាហ្វហ្គានីស្ថានត្រូវបានបំផ្លាញទាំងស្រុង ចាប់តាំងពីក្រុមតាលីបង់បានឡើងកាន់កាប់អំណាចកាលពីខែមុន ចំពេលមានការដាក់ទណ្ឌកម្ម និងការកាត់ផ្តាច់ជំនួយបរទេស៕