(ស៉ីដនី)៖ គម្រោងសាងសង់ជញ្ជាំងទំនប់ទឹកមួយ ដែលមានព្រំប្រទល់ជាប់ឧទ្យានជាតិ Blue Mountains ដែលស្ថិតនៅក្នុងរដ្ឋញូសោតវែលស៍ (New South Wales ឬ NSW) ប្រទេសអូស្ត្រាលី ដែលបានចុះជាបេតិកភណ្ឌពិភពលោក ត្រូវបានរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីការចេញផ្សាយពីរបាយការណ៍បរិស្ថាន។ នេះបើយោង តាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១។

ទំនប់ទឹក Warragamba ដែលមានចម្ងាយប្រហែល ៦៥គីឡូម៉ែត្រពីភាគនិរតីទីក្រុងស៉ីដនី រដ្ឋ NSW ប្រទេសអូស្រ្តាលីគឺជាការផ្គត់ផ្គង់ទឹកក្នុងស្រុកដ៏ធំបំផុត នៅលើពិភពលោក ដែលមានអាងស្តុកទឹកធំជាងកំពង់ផែទីក្រុងស៊ីដនីចំនួន ០៤ដងឯណោះ។

គម្រោងសាងសង់ជញ្ជាំងរបស់វាយ៉ាងហោចណាស់ ១៤ម៉ែត្រ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីកាត់បន្ថយការខូចខាតដោយសារទឹកជំនន់ ដែលងាយនឹងកើតមាននៅក្នុងតំបន់នោះ។

ទោះយ៉ាងណាក៏ដោយ ដោយការវាយតម្លៃផ្ទាល់របស់រដ្ឋាភិបាលរដ្ឋ NSW គម្រោងនេះ ក៏នឹងធ្វើឱ្យខូចខាតដល់ប្រព័ន្ធកូឡូស៉ីដ៏ផុយស្រួយក្នុងតំបន់ផងដែរ ដែលក្នុងនោះមានសត្វចំនួន ២៨ប្រភេទដែលត្រូវបានគំរាមកំហែង ដូចជាប្រភេទសត្វស្លាប Honeyeater ដែលជាសត្វជិតផុតពូជជាដើម។

សេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍ស្តីពីផលប៉ះពាល់បរិស្ថាន (EIS) ដែលបានចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ បានប៉ាន់ស្មានថា ប្រជាជនក្នុងតំបន់ប្រហែល ២១ ទៅ ២០០នាក់ ក៏អាចរងផលប៉ះពាល់ដោយប្រយោលពីការអភិវឌ្ឍនេះដែរ។

EIS បានប៉ាន់ស្មានទៀតថា ថវិកាប្រហែល ៧២០លានដុល្លារអាមេរិក នឹងត្រូវការដើម្បី «ទូទាត់» ការខូចខាតបរិស្ថានដែលអាចកើតមានឡើងនេះ៕