(ណៃពិដោ)៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នាថ្ងៃព្រហស្បតិ៍នេះ តាមរយៈអ្នកនាំពាក្យរបស់ខ្លូន បានចេញមុខសុខចិត្តទទួលខុសត្រូវទាំងស្រុង ចំពោះបញ្ហាសេដ្ឋកិច្ចដែលប្រទេសកំពុងប្រឈម ហើយនឹងព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីដោះស្រាយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១។

អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Zaw Min Tun បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយយ៉ាងដូច្នេះថា «ស្ថានភាពសេដ្ឋកិច្ច បានធ្លាក់ចុះដុនដាបខ្លាំង ដោយសារតែកត្តាខាងក្រៅ និងវិបត្តិជំងឺ COVID-19 ប៉ុន្តែយើងមានការទទួលខុសត្រូវ ដើម្បីកសាងវាឡើងវិញ។ រដ្ឋាភិបាលកំពុងខិតខំឲ្យអស់ពីលទ្ធភាព ដើម្បីដោះស្រាយបញ្ហាឲ្យប្រសើរបំផុត តាមតែអាចធ្វើទៅបាន»

គិតចាប់ពីដើមខែកញ្ញានេះ រូបិយប័ណ្ណរបស់មីយ៉ាន់ម៉ា បានបាត់បង់តម្លៃដល់ទៅជាង៦០ភាគរយ ដែលជំរុញឲ្យចំណីអាហារ និងប្រេងឥន្ធនៈ ឡើងថ្លៃខ្ពស់ ខណៈដែលសេដ្ឋកិច្ចដែលបានជួបភាពដុនដាប តាំងតែពីមានរដ្ឋប្រហារយោធា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។

គួរបញ្ជាក់ថា យោងតាមការព្យាកររបស់ធនាគារពិភពលោក កាលពីដើមសប្តាហ៍នេះ សេដ្ឋកិច្ចមីយ៉ាន់ម៉ា នឹងធ្លាក់ចុះ១៨ភាគរយ ក្នុងឆ្នាំ២០២១ ហើយមីយ៉ាន់ម៉ានឹងក្លាយជាប្រទេស ដែលមើលឃើញអត្រាអ្នកមានការងារធ្វើ ថមថយខ្លាំងជាងគេ ប្រចាំតំបន់អាស៊ាន៕