(វែលីងតោន)៖ ប្រទេសនូវែលសេឡង់ បានអនុម័តច្បាប់សន្តិសុខថ្មីមួយនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ ប្រឆាំងនឹងការវាយប្រហារភេរវកម្ម បន្ទាប់ពីមនុស្សចំនួន ០៧នាក់ ត្រូវបានគេចាក់ដោយកំបិតឱ្យរងរបួស នៅខែកញ្ញានេះ ក្នុងផ្សារទំនើបមួយ នៅក្នុងទីក្រុងដែលមានប្រជាជនច្រើនបំផុតរបស់ខ្លួន គឺទីក្រុងអកលែនដ៍ (Auckland)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

ចំពោះមុខការភ័យខ្លាចកាន់តែខ្លាំងឡើង អំពីការវាយប្រហារភេរវកម្ម ប្រទេសនូវែលសេឡង់បានខិតខំពង្រឹងច្បាប់របស់ខ្លួនរួចស្រេចហើយ ប៉ុន្តែបានប្រញាប់ប្រញាល់រុញ ច្បាប់សន្តិសុខថ្មីខាងលើឲ្យឆ្លងផុតសភា បន្ទាប់ពីផ្ទុះការវាយប្រហារ នៅក្នុងទីក្រុង Auckland ដែលធ្វើឡើងដោយជនជ្រុលនិយមម្នាក់ ដែលអាជ្ញាធរជឿថា ទទួលឥទ្ធិពលមនោគមវិជ្ជារបស់ក្រុមភេរវករ ISIS។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នូវែលសេឡង់ លោក គ្រីស ហ្វាហ្វយ (Kris Faafoi) បាននិយាយថា «យុទ្ធសាស្រ្តនៃការវាយប្រហារភេរវកម្ម បានផ្លាស់ប្តូរហើយ។ នៅទូទាំងពិភពលោក គឺមានបុគ្គលធ្វើសកម្មភាពតែឯង ជាជាងក្រុមបុគ្គលដែលធ្វើសកម្មភាពទ្រង់ទ្រាយធំជាក្រុម»។

លោក Kris Faafoi បាននិយាយបន្ថែមថា ការអនុម័តច្បាប់សន្តិសុខថ្មីនេះ អាចផ្តល់ឱ្យប៉ូលិសនូវអំណាច នៃការចូលកន្លែងណាមួយ ការឆែកឆេរ និងការឃ្លាំមើល ដោយមិនចាំបាច់មានដីកាឡើយ ក្នុងកិច្ចប្រឹងប្រែងរបស់ពួកគេ ដើម្បីទប់ស្កាត់ការរៀបផែនការ និងត្រៀមលក្ខណៈនៃសកម្មភាពភេរវកម្ម ហើយការហាត់រៀនប្រើប្រាស់អាវុធ និងប្រយុទ្ធ ក្នុងគោលបំណងបែបនេះ នឹងត្រូវមានទោស។

គួរបញ្ជាក់ថា ជនដែលបានវាយប្រហារ នៅក្នុងទីក្រុង Auckland មានឈ្មោះថា អាហ៉ីល ម៉ូហាំម៉ាត់ សាំស៊ូទីន (Aathil Mohamed Samsudeen) ភេទប្រុស អាយុ ៣២ឆ្នាំ ជាជនជាតិស្រីលង្កា ដែលបានមកដល់ប្រទេសនូវែលសេឡង់ ក្នុងឆ្នាំ២០១១ ហើយត្រូវបានប៉ូលិសបាញ់សម្លាប់ នៅនឹងកន្លែងកើតហេតុតែម្ដង៕