(ប៉េកាំង)៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្កោលទោស ការស្នើពីសំណាក់សហរដ្ឋអាមេរិក ឲ្យរៀបចំកិច្ចចរចាឡើងវិញនោះថាជារឿង «ក្លែងក្លាយ» ដើម្បីបំភ័ន្តភ្នែកសហគមន៍អន្តរជាតិ ពីនយោបាយអរិយភាពរបស់ខ្លួនតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១។

លោក គីម ជុងអ៊ុន ធ្វើការកត់សម្គាល់បែបនេះនៅឯសម័យប្រជុំលើកទី ៥ នៃសភាកំពូលប្រជាជនកូរ៉េខាងជើងនីតិកាលទី ១៤ ដែលឈានចូលថ្ងៃទី២ហើយ សម្រាប់ថ្ងៃព្រហស្បតិ៍នេះ។ សម័យប្រជុំនេះប្រព្រឹត្តិទៅក្នុងគោលបំណងពិភាក្សាពីនយោបាយ, សេដ្ឋកិច្ច និងរបៀបវារៈសំខាន់របស់ប្រទេស។

នៅក្នុងឱកាសនោះ លោក គីម បានបញ្ជាក់ថា «សហរដ្ឋអាមេរិកនៅតែបន្តលើកឡើង ម្ដងហើយម្ដងទៀតពីនយោបាយការទូត និងការរៀបចំកិច្ចចរចាដោយគ្មានលក្ខខណ្ឌ។ ប៉ុន្តែនេះគ្រាន់តែជាលេសបិទបាំងសហគមន៍អន្តរជាតិ ពីនយោបាយអរិភាពរបស់ខ្លួន ចំពោះកូរ៉េខាងជើងតែប៉ុណ្ណោះ»

តែទោះជាយ៉ាងនេះក្ដី បើតាមទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បាននិយាយថា ខ្សែទូរស័ព្ទទំនាក់ទំនងជាមួយកូរ៉េខាងត្បូង អាចនឹងត្រូវស្ដារឡើងនៅខែតុលាខាងមុខនេះ ក្នុងចេតនាសម្រេចឱ្យបាននូវបំណងប្រាថ្នា របស់ប្រជាជាតិកូរ៉េទាំងមូល ដែលចង់បានសន្តិភាពជាដរាបនៅលើឧបទ្វីបកូរ៉េ៕