(ទុយនេស៊ី)៖ ប្រធានាធិបតីទុយនេស៊ីលោក Kais Saied បានសម្រេចតែងតាំងលោកស្រី Najla Bouden Ramadan ជានាយករដ្ឋមន្រ្តីស្ត្រីដំបូងគេរបស់ប្រទេស ប្រហែលជាពីរខែបន្ទាប់ពីការដណ្តើមបានអំណាចភាគច្រើន នៅក្នុងចលនាមួយដែលគូប្រជែងរបស់លោក ចាត់ទុកថាជារដ្ឋប្រហារ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Al-jazeera នៅថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១។

លោក Saied បាននិយាយនៅពេលជួបជាមួយលោកស្រី Romdhan នៅឯវិមានប្រធានាធិបតីនៅថ្ងៃពុធនេះថា នេះគឺជាលើកទីមួយនៅក្នុងប្រវត្តិសាស្ត្រទុយនេស៊ី ដែលស្ត្រីម្នាក់បានដឹកនាំរដ្ឋាភិបាលមួយ។ ហើយវាជាកិត្តិយសសម្រាប់ស្ត្រីទុយនីស៊ី និងប្រជាជាតិទុយនេស៊ីទាំងមូល»។

លោកស្រី Romdhan មានវ័យ៦៣ឆ្នាំ ធ្លាប់បានបម្រើការនៅក្នុងក្រសួងឧត្តមសិក្សាក្នុងឆ្នាំ២០១១ នេះបើយោងតាមវិទ្យុ Mosaique FM ដែលជាកម្មសិទ្ធិឯកជនរបស់ទុយនីស៊ី។

លោកស្រី Romdhan នឹងចូលកាន់តំណែងក្នុងគ្រាមានវិបត្តិជាតិ ខណៈដែលលទ្ធិប្រជាធិបតេយ្យ នៃបដិវត្តន៍ឆ្នាំ២០១១ ស្ថិតក្នុងភាពស្រពេចស្រពិល ហើយជាមួយនឹងការគំរាមកំហែងដ៏ធំមួយចំពោះហិរញ្ញវត្ថុសាធារណៈដែលកំពុងកើនឡើង។

គួរបញ្ជាក់ថា កាលពីខែកក្កដា ប្រធានាធិបតីទុយនេស៊ីលោក Kais Saied បានបណ្តេញរដ្ឋាភិបាល និងព្យួរសកម្មភាពរបស់សភាដែលកាន់កាប់ដោយគណបក្សអ៊ីស្លាមនិយមកណ្តាល ដែលវិធានការមួយនេះដែលត្រូវបានគូប្រជែងហៅថាជារដ្ឋប្រហារ។

មិនតែប៉ុណ្ណោះលោកថែមទាំងបានច្រានចោលរដ្ឋធម្មនុញ្ញភាគច្រើន ដោយនិយាយថានៅក្នុងគ្រាអាសន្នដែលគ្មានទីបញ្ចប់ច្បាស់លាស់បែបនេះ លោកអាចគ្រប់គ្រងដោយក្រឹត និងដឹកនាំរដ្ឋាភិបាលដោយខ្លួនឯងបាន៕