(ឌូបៃ)៖ ប្រភពពីយោធាបានឲ្យដឹងថា យ៉ាងហោចណាស់មានសមាជិកក្រុមឧទ្ទាមយេម៉ែន និងទាហានគាំទ្ររដ្ឋាភិបាលចំនួន១០០ នាក់ត្រូវបានសម្លាប់ ក្នុងរយៈពេល៤៨ ម៉ោងចុងក្រោយនេះ ខណៈការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងដើម្បីដណ្តើមកាន់កាប់ទីក្រុងយុទ្ធសាស្ត្រ Marib។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។

ប្រភពយោធាបានគូសបញ្ជាក់ប្រាប់ AFP ថា មានសមាជិកក្រុមឧទ្ទាមចំនួន ៦៨នាក់ និងទាហានស្មោះត្រង់នឹងរដ្ឋាភិបាលចំនួន ៣២នាក់បានស្លាប់ នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាចុងក្រោយនេះ។

គួរបញ្ជាក់ថា ទីក្រុង Marib ជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់សង្គ្រាមជាង៧ឆ្នាំមកនេះ។ ក្រុមឧទ្ទាមហ៊ូស៊ី ដែលជាសម្ព័ន្ធមិត្តរបស់អីរ៉ង់កំពុងសម្រុកវាយប្រហារយ៉ាងខ្លាំងក្លាដើម្បីដណ្តើមយកទីក្រុងនេះ ដោយមានមនុស្សរាប់រយនាក់មកពីភាគីទាំងពីរបានស្លាប់ ក្នុងការប្រយុទ្ធគ្នាយ៉ាងសាហាវនេះខែនេះ៕