(តូក្យូ)៖ ទីភ្នាក់ងារឧតុនិយមជប៉ុន JMA នាថ្ងៃពុធនេះ បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៦.១រ៉ិចទ័រ បានកើតមានឡើង នៅកណ្តាលដែនសមុទ្រជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១។

យោងតាមសេចក្តីប្រកាសរបស់ ទីភ្នាក់ងារ JMA បាតុភូតរញ្ជួយផែនដីខាងលើ បានកើតឡើងនៅវេលាម៉ោង ០៥៖៣៧នាទីល្ងាចថ្ងៃពុធនេះ (ម៉ោងនៅទីក្រុងតូក្យូ) ដោយចំណុចរំញ័ររបស់វា ស្ថិតនៅកណ្តាលសមុទ្រជប៉ុន ដែលជាដែនសមុទ្រនៅចន្លោះឧបទ្វីបកូរ៉េ និងប្រទេសជប៉ុន។ គ្រោះរញ្ជួយដីនោះមានជម្រៅ៤០០គីឡូម៉ែត្រ នៅឯបាតសមុទ្រ។

គួរបញ្ជាក់ថា យ៉ាងណាមិញ ឥទ្ធិពលញ័ររញ្ជួយរបស់វា បានជះទៅដល់ផ្នែកខ្លះនៃខេត្តអៅម៉ូរិ (Aomori), ខេត្តអ៉ីវ៉ាតេ (Iwate), និងខេត្តហ៊្វូគូស៉ីម៉ា (Fukushima) របស់ជប៉ុន ប៉ុន្តែមិនមានការប្រកាសអាសន្នពីរលកស៊ូណាមិ ដែលអាចបង្កឡើងដោយបាតុភូតរញ្ជួយដីមួយនេះឡើយ៕