(ប៉េកាំង)៖ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ចិនបានប្រកាសទៅកាន់ពិភពលោកថា ចិនបានកសាងសង្គម ដែលប្រជាជនមានជីវភាពធូរធារបង្គួរ ដោយគ្រប់ជ្រុងជ្រោយរួចរាល់ហើយ។ ខណៈសហគមន៍អន្តរជាតិកោតសរសើរសមិទ្ធផលរបស់ចិន ក៏កាន់តែចង់ដឹងថា អ្វីជាសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរ ដោយគ្រប់ជ្រុងជ្រោយ?

តើប្រទេសចិនបានសម្រេចការកសាងសង្គម ដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយយ៉ាងដូចម្ដេច? សង្គមចិនដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ នឹងនាំមកអ្វីដល់ពិភពលោក?កាលពីថ្ងៃទី២៨ខែកញ្ញា រដ្ឋាភិបាលចិនបានចេញផ្សាយសៀវភៅសក្រោមចំណងជើងថា «សង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរ ដោយគ្រប់ជ្រុងជ្រោយរបស់ចិន» ដោយបានរំលឹកឡើងវិញនូវការស្វែងរក និងអនុវត្តជាក់ស្តែងរបស់ចិនក្នុងកិច្ចកសាងសង្គម ដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ហើយបានចែករំលែកនូវបទពិសោធន៍នៃ កិច្ចកសាងទំនើបភាវូបនីយកម្មបែបចិន ដើម្បីឆ្លើយតបនឹងការយកចិត្តទុកដាក់ជាទូទៅពីសហគមន៍អន្តរជាតិ ។

តាមទិន្នន័យក្នុងសៀវភៅស បានបង្ហាញឱ្យដឹងថា នៅឆ្នាំ១៩៧៨ ប្រាក់ចំណូលដែលអាចប្រើប្រាស់បានរបស់ប្រជាជនចិន គិតជាមធ្យមក្នុងមនុស្សម្នាក់ៗ ក្នុងមួយឆ្នាំមានតែ ១៧១ប្រាក់យាន់ចិន ប៉ុន្តែដល់ឆ្នាំ២០២០ បានឡើងដល់៣២,១៨៩ប្រាក់យាន់ចិន។ ជាពិសេស ចិនបានដោះស្រាយបញ្ហាក្រីក្រដាច់ខាតប្រកបដោយលក្ខណៈប្រវត្តិសាស្ត្រ នេះជាសន្ទស្សន៍ដ៏លេចធ្លោបំផុតនៃសង្គម ដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ។

គួរបញ្ជាក់ថា ក្នុងដំណើរកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរ ចិនបានក្លាយជាប្រទេសដែលមានធនធានព្រៃឈើ កើនឡើងច្រើនបំផុតនិងមានទំហំដាំដើមឈើធំបំផុត នៅទូទាំងពិភពលោក ប្រការនេះធ្វើឱ្យជនជាតិចិនមានអេកូបរិស្ថាន កាន់តែល្អប្រសើរ។ កាលពីឆ្នាំ២០២០ អត្រាពេញចិត្តរបស់ប្រជាជនចិន ចំពោះអេកូបរិស្ថានបានឡើងដល់ ៨៩.៥ភាគរយ។

ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំបំផុត ដែលមានចំនួនប្រជាជនច្រើនបំផុតនៅលើពិភពលោក ចិនបានសម្រេចកសាងសង្គម ដែលប្រជាជនមានជីវភាពធូរធារបង្គួរ ដោយគ្រប់ជ្រុងជ្រោយ ប្រការនេះជាការរួមចំណែកដ៏ធំសម្បើម ចំពោះសន្តិភាពនិងការអភិវឌ្ឍនៃពិភពលោក។

ព្រមពេលជាមួយគ្នានេះ ចិនកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរ ដោយគ្រប់ជ្រុងជ្រោយ ក្នុងដំណើរការជំរុញការប្រាស្រ័យទាក់ទងជាមួយពិភពលោក នេះក៏បានជំរុញយ៉ាងខ្លាំងនូវការអភិវឌ្ឍរួម នៃពិភពលោកផងដែរ ។ ចាប់ពីឆ្នាំ២០០៦ឡើងទៅ ចិនបានក្លាយជាប្រទេសរួមចំណែកដ៏ធំបំផុត ចំពោះកំណើនសេដ្ឋកិច្ចពិភពលោក ក្នុងរយៈពេល១៥ឆ្នាំជាប់ៗគ្នា ហើយអត្រារួមចំណែកជាមធ្យម ចំពោះកំណើនសេដ្ឋកិច្ចពិភពលោកគឺលើសពី ៣០ភាគរយ ។

បើមើលពីស្រទាប់កាន់តែជ្រាលជ្រៅអាចឃើញថា ការអនុវត្តជាក់ស្តែងនិងបទពិសោធន៍របស់ចិន ក្នុងកិច្ចកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរ ដោយគ្រប់ជ្រុងជ្រោយ បានផ្តល់ផ្លូវអភិវឌ្ឍន៍ថ្មីដល់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ដើម្បីឆ្ពោះទៅកាន់ទំនើបភាវូបនីយកម្ម។ ការឈរលើសភាពការណ៍ជាតិរបស់ខ្លួន ប្រកាន់ខ្ជាប់ធ្វើកំណែទម្រង់និងបើកទូលាយ ធ្វើការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រក្នុងរយៈពេលយូរ ក្តាប់ជាប់ក្រឹត្យក្រមអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច។ល។ បទពិសោធន៍អភិវឌ្ឍន៍របស់ចិនទាំងនេះ ទទួលបានការយកចិត្តទុកដាក់កាន់តែច្រើនឡើងៗ ពីសំណាក់សហគមន៍អន្តរជាតិ ។

ការកសាងសង្គមដែលប្រជាជនមាន ជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ បានធ្វើឱ្យប្រជាជនចិនមានជីវភាពរស់នៅដ៏ល្អប្រសើរ ដើម្បីសម្រេចបាននូវគោលដៅ នៃការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយ និងមានភាពសម្បូរសម្បាយរួមរបស់ប្រជាជន ប្រជាជនចិននឹងបន្តតស៊ូព្យាយាម ក្រោមការដឹកនាំនៃបក្សកុម្មុយនិស្តចិន ហើយនឹងបង្កើតទំនាក់ទំនងល្អប្រសើរជាមួយពិភពលោក ដើម្បីរួមចំណែកកាន់តែធំក្នុងការជំរុញ ការបង្កើតសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ និងកសាងពិភពលោកកាន់តែល្អបវរ៕