(ប៉េកាំង)៖ ក្នុងសន្ធិសញ្ញាទីមួយដែលចក្រភពរ៉ូមបុរាណនៃអឺរ៉ុប បានចុះហត្ថលេខាជាមួយប្រទេស Qart Hadasht ដែលជាប្រទេសអាហ្វ្រិកខាងជើងបុរាណ ក៏បានលើកឡើងយ៉ាងច្បាស់លាស់ថា ត្រូវមានកាតព្វកិច្ចគោរពភាពស្មោះត្រង់ និងគុណធម៌សាធារណៈ។ ដូច្នេះអាចឃើញថា ក្នុងទំនាក់ទំនងអន្តរជាតិ ភាពស្មោះត្រង់និងគុណធម៌បានដើរតួនាទីយ៉ាងសំខាន់។

នៅសហរដ្ឋអាមេរិក វប្បធម៌ឥណទានរបស់អាមេរិកសឹងតែពាក់ព័ន្ធដល់សកម្មភាពទាំងអស់ ក្នុងជីវភាពរស់នៅជាប្រចាំថ្ងៃរបស់បុគ្គល ។ ពេលរកការងារធ្វើ សហគ្រាសនឹងពិនិត្យរបាយការណ៍ឥណទានឯកជន រហូតដល់ខណៈពេលមានទំនាក់ទំនងស្នេហា ជនជាតិអាមេរិកក៏នឹងពិនិត្យកំណត់ត្រាឥណទានរបស់គូភាគីផងដែរ។ ដូច្នេះ និយាយចំពោះបុគ្គលឬមួយក៏សហគ្រាស ដែលមានបញ្ហាខាងឥណទាន នឹងពិបាកធ្វើអាជីវកម្មក្នុងសង្គមទេ។ ឥណទានហាក់ដូចជាទ្រព្យសម្បត្តិឯកជន គំនិតនេះត្រូវប្រជាជនអាមេរិកទទួលស្គាល់ជាទូទៅ។

ប៉ុន្តែក្នុងពេលដោះស្រាយទំនាក់ទំនងអន្តរជាតិ សហរដ្ឋអាមេរិកបែរជាតែងតែប្រព្រឹតិ្តទង្វើបំពានគុណធម៌ទៅវិញ ហើយបានក្លាយជាគំរូអាក្រក់ដែលខ្វះខាតគុណធម៌លើឆាកអន្តរជាតិ។ ប្រឈមនឹងបញ្ហាពិភាក្សា ស្តីពីការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ សហរដ្ឋអាមេរិកបានសម្តែងឈុតឆាក «ចូលជាសមាជិក ដកខ្លួនចេញនិងចូលជាសមាជិកម្តងទៀត» នៃកិច្ចព្រមព្រៀងក្រុងប៉ារីស។

កាលពីខែសីហា ឆ្នាំ២០១៨ សហរដ្ឋអាមេរិកបានប្រកាសដោយឯកតោភាគីថា ដកខ្លួនចេញពីកិច្ចព្រមព្រៀងស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ប្រការនេះធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់ដោយសន្តិភាព ទទួលបរាជ័យទាំងស្រុង ហើយកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចចរចាជាច្រើនឆ្នាំ ក៏រលាយសាបសូន្យផងដែរ។

កាលពីឆ្នាំ២០១៩ ដើម្បីទប់ស្កាត់ការអភិវឌ្ឍរបស់ចិន រដ្ឋាភិបាលអាមេរិកសម្រេចចិត្តដំឡើងពន្ធគយ ចំពោះផលិតផលចិនដែលនាំចេញទៅកាន់សហរដ្ឋអាមេរិក ដែលបានបំផុសសង្គ្រាមពាណិជ្ជកម្មទៅលើប្រទេសចិន ប្រការនេះបានជះឥទ្ធិពលអវិជ្ជមានចំពោះ ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក។

កាលពីខែមិថុនាឆ្នាំ២០១៩ នៅក្រុងអូសាការបស់ជប៉ុន អាមេរិកបានសន្យាថា «នឹងមិនដំឡើងពន្ធគយចំពោះផលិតផលចិនទៀតទេ» ប៉ុន្តែបន្ទាប់មក នៅថ្ងៃទី១ ខែសីហា អាមេរិកបានប្រកាសដំឡើងពន្ធគយចំពោះផលិតផលចិនម្តងទៀត។ ទង្វើដែលអាមេរិកនិយាយក្រឡាស់ភ្លាមៗបែបនេះ បណ្តាលឱ្យទីផ្សារអន្តរជាតិរងផលប៉ះពាល់យ៉ាងខ្លាំង ហើយទីផ្សារភាគហ៊ុនសកលក៏ធ្លាក់ចុះដោយសារការនេះ។

កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ លោក Joe Biden ប្រធានាធិបតីអាមេរិកបានថ្លែងសុន្ទរកថាជាលើកដំបូង ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ តាំងពីលោកឡើងកាន់មុខតំណែងជាប្រធានាធិបតីមក លោកបានថ្លែងថា សហរដ្ឋអាមេរិកមិនចង់ធ្វើ «សង្គ្រាមត្រជាក់ថ្មី» នោះទេ ហើយត្រៀមធ្វើកិច្ចសហប្រតិបត្តិការជាមួយ ប្រទេសណាទាំងអស់ដើម្បីទប់ទល់នឹងការប្រឈម។

ប៉ុន្តែ ខណៈពេលប៉ុន្មានថ្ងៃមុនដែលលោក Joe Biden ថ្លែងសុន្ទរកថាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិកបានក្បត់បារាំងដែលជា «សម្ព័ន្ធមិត្តមានប្រវត្តិសាស្ត្រយូរបំផុត» អាមេរិកបានឆក់ប្លន់កិច្ចព្រមព្រៀងរវាងអូស្ត្រាលីនិងបារាំង ស្តីពីការជួញដូរនាវាមុជទឹកដែលមានតម្លៃប្រហែល ៣៦,៥០០,០០០ដុល្លារអាមេរិក ព្រមទាំងបានបង្កើតសម្ព័ន្ធសន្តិសុខថ្មីជាមួយ អូស្ត្រាលីនិងអង់គ្លេសដែលបានដាក់ឈ្មោះថា AUKUS ។

ក្នុងអំឡុងពេលមហាសន្និបាតអង្គការសហប្រជាជាតិលើកនេះ រដ្ឋមន្ត្រីការបរទេសបារាំងបដិសេធជួបសន្ទនាជាមួយ មន្ត្រីការទូតអាមេរិកដូចជាលោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកជាដើម។ រីឯលោកស្រី Ursula von der Leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុបបានថ្លែងថា រដ្ឋសមាជិកមួយរបស់យើងបានរងការចាត់ចែង ដែលមិនអាចទទួលយកបានទេ។ ទង្វើដែលខ្វះគុណធម៌របស់សហរដ្ឋអាមេរិកបែបនេះ ធ្វើឱ្យទំនុកចិត្តរវាងសហភាពអឺរ៉ុប និងអាមេរិករងការបំផ្លិចបំផ្លាញយ៉ាងខ្លាំង។

ទង្វើរបស់អាមេរិកដែលតែងតែក្បត់ពាក្យសន្យាខ្លួនលើផ្ទៃអន្តរជាតិទាំងនេះ ធ្វើឱ្យអ្នកផងសឹងមិនគួរឱ្យជឿថា នេះជាប្រទេសដែលរក្សាសេដ្ឋកិច្ចជាតិរបស់ខ្លួន តាមរយៈប្រព័ន្ធឥណទាន។ ទង្វើដែល «មានមុខពីរ» ធ្វើឱ្យកេរ្តិ៍ឈ្មោះនិងរូបភាពលើ ផ្ទៃអន្តរជាតិរបស់អាមេរិករងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ តើអាមេរិកដែលខ្វះភាពស្មោះត្រង់និងគុណធម នឹងទទូលបានការជឿទុកចិត្តពីប្រជាជនលើពិភពលោកឬទេ?