(ឃ្វីតូ)៖ ក្រុមមន្ត្រីអេក្វាឌ័របានរាយការណ៍ នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅអាមេរិកឡាទីន) ថា យ៉ាងហោចណាស់អ្នកទោសចំនួន ២៤នាក់បានស្លាប់នៅក្នុងការប្រយុទ្ធគ្នារវាងអ្នកទោស នៅឯពន្ធនាគារមួយក្នុងទីក្រុងហ្គាយ៉ាឃ្វីល (Guayaquil) នៃប្រទេសអេក្វាទ័រ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post នៅរសៀលថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១។

ការិយាល័យពន្ធនាគារជាតិ (SNAI) នៃប្រទេសអេក្វាឌ័រ បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកស្លាប់មានចំនួន ២៤នាក់ ដែលពួកគេត្រូវបានស្លាប់ដោយសារការបាញ់សម្លាប់ និងការបំផ្ទុះគ្រាប់បែកដៃ ខណៈអ្នករបួសបានកើនឡើងដល់ ៤៨នាក់ហើយ នាពេលឥឡូវនេះ។

ជុំវិញបញ្ហានេះ ប្រធានាធិបតីអេក្វាឌ័រ លោក ហ្គីឡែម៉ូ ឡាសូ (Guillermo Lasso) បានបង្ហោះពីសេចក្តីប្រកាសមួយពី SNAI នៅលើគណនីបណ្ដាញសង្គម Twitter របស់លោកថា បទបញ្ជាត្រូវបានស្តារឡើងវិញនៅពន្ធនាគារ លីតតូរ៉ល (Littoral) បន្ទាប់ពីមានឧប្បត្តិហេតុកើតឡើងនៅថ្ងៃអង្គារសប្ដាហ៍នេះ។

គួរបញ្ជាក់ថា ប្រព័ន្ធពន្ធនាគារនៃប្រទេសអេក្វាឌ័រ បានក្លាយជាសមរភូមិប្រយុទ្ធរវាងអ្នកទោស ជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជនគ្រឿងញៀនម៉ិកស៉ីកូ ដែលភាគច្រើនជាក្រុមឧក្រិដ្ឋជនគ្រឿងញៀនស៊ីណាឡូ (Sinaloa) និងហាលីស្កូជំនាន់ថ្មី (Jalisco New Generation)៕