(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១០៥,៦៣៣នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៨៣៦នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៤,០៥៤,៨២៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧១១,២២២នាក់ និងជាសះស្បើយឡើងសរុប ៣៣.៥២លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានទទួលការចាក់វ៉ាក់សាំង «ដូសទី៣» រួចរាល់ហើយ នៅក្នុងសេតវិមាន នៃរដ្ឋធានីវ៉ាស៊ីនតោន។ ការចាក់នេះបានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋបាលឱសថ និងចំណីអាហារសហរដ្ឋអាមេរិក (FDA) បានអនុម័តឲ្យប្រើ វ៉ាក់សាំងដូសទី ៣ យ៉ាងទូលំទូលាយជាងមុនទៅលើ មនុស្សវ័យចំណាស់, បុគ្គលិកជួរមុខ, អ្នកមានប្រព័ន្ធភាពសុំាទន់ខ្សោយខ្លាំង និងអ្នកមានជំងឺប្រចាំកាយជាដើម។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ៣៩១លានដូស ក្នុងនោះប្រជាជន ២១៣.៦៥លាននាក់ (៦៥.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៨៣.៨៩លាននាក់ (៥៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕