(តូក្យូ)៖ គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចនៅជប៉ុន នឹងបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួននៅរសៀលថ្ងៃពុធនេះ (ម៉ោងនៅទីក្រុងតូក្យូ) ហើយអ្នកទទួលបានជ័យជម្នះ នឹងអាចក្លាយជានាយករដ្ឋមន្ត្រីថ្មីតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១។

បេក្ខជនដែលចូលរួមក្នុងការប្រជែង យកតំណែងជាមេដឹកនាំគណបក្ស LDP រួមមានអតីតរដ្ឋមន្ត្រីការពារជាតិ និងជាអតីតរដ្ឋមន្ត្រីការបរទេសជប៉ុន ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីទទួលបន្ទុកវ៉ាក់សាំង លោក តារ៉ូ កូណុ (Taro Kono), លោក ហ្វ៊ូមីអុ គីហ្ស៊ីដា (Fumio Kishida) ជាអតីតរដ្ឋមន្ត្រីការបរទេសជប៉ុន, លោកស្រី សាណេ កាតាអ៊ីជិ (Sanae Takaichi) ជាអតីតរដ្ឋមន្ត្រីមហាផ្ទៃជប៉ុន និងអ្នកអភិរក្សនិយម លោកស្រី សេកូ ណូដា (Seiko Noda)។

គិតមកទល់នឹងពេលនេះ បើតាមការស្ទង់មតិ លោក Taro Kono គឺជាបេក្ខជនដែលមានប្រជាប្រិយភាពខ្ពស់ជាងគេ និងត្រូវបានគេរំពឹងថា អាចនឹងក្លាយជានាយករដ្ឋមន្ត្រីជប៉ុនថ្មី ក្រោយពីការបោះឆ្នោតក្នុងបក្សកាន់អំណាច។ នាយករដ្ឋមន្ត្រីនឹងត្រូវកាន់អំណាចបន្តពីលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ រហូតដល់ការបោះឆ្នោតសកល ដែលគ្រោងនឹងធ្វើឡើងនៅចុងខែវិច្ឆិកា ឆ្នាំ២០២១។

គួរបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យសេរី (LDP) នឹងចាប់ផ្ដើមបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនៅម៉ោង ១៖០០នាទីរសៀលថ្ងៃពុធនេះ រីឯលទ្ធផលនឹងត្រូវប្រកាសនៅម៉ោង ២៖២០នាទីរសៀលម៉ោងនៅទីក្រុងតូក្យូ (ត្រូវនឹងម៉ោង ១២៖២០រសៀល ម៉ោងនៅកម្ពុជា)៕