(បារីស)៖ បារាំងនៅថ្ងៃអង្គារនេះបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយប្រទេសក្រិក សម្រាប់ការលក់នាវាចម្បាំងការពារនិងអន្តរាគមន៍ផលិតដោយបារាំងចំនួន ៣ គ្រឿង ដែលជាផ្នែកមួយនៃ «ភាពជាដៃគូយុទ្ធសាស្ត្រ» នៃប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១។

កិច្ចព្រមព្រៀងនេះបានកើតឡើង តែ១០ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកិច្ចព្រមព្រៀងលក់នាវាមុជទឹកដើរដោយថាមពលប្រេងម៉ាស៊ូតចំនួន១២គ្រឿងជាមួយអូស្ត្រាលីត្រូវបានលុបចោល ដោយអូស្ត្រាលីងាកទៅចុះកុងត្រាទិញនាវាមុជទឹកអាមេរិកជំនួយវិញ ក្នុងក្របខណ្ធសម្ព័នមិត្តត្រីភាគីហៅកាត់ថា AUKUS។

ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយបន្ទាប់ពីចុះកិច្ចព្រមព្រៀងនៅវិមានអេលីសេ ជាមួយនាយករដ្ឋមន្ត្រីក្រិកលោក Kyriakos Mitsotakis ថា «អឺរ៉ុបត្រូវចេញពីភាពឆោតល្ងង់របស់ពួកគេ»

លោក Macron បានសង្កត់ធ្ងន់ទៀតថា ប្រជាជាតិអឺរ៉ុបត្រូវបង្ហាញពួកគេថា «អឺរ៉ុបក៏ មានអំណាច និងសមត្ថភាពការពារខ្លួនដែរ» ដោយគូសបញ្ជាក់ពីផលវិបាក នៃការពិតដែលថា សហរដ្ឋអាមេរិកផ្តោតសំខាន់លើប្រយោជផ្ទាល់ខ្លួន និងជាយុទ្ធសាស្ត្រដែលឆ្ពោះទៅរកចិននិងប៉ាស៊ីហ្វិក។

លោកបានមានប្រសាសន៍ថា «ជាមួយប្រទេសក្រិច ឥឡូវនេះយើងកំពុងចូលទៅក្នុងភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យការពារជាតិ និងសន្តិសុខ។ វានឹងជួយពង្រឹងសន្តិសុខរួម និងអធិបតេយ្យភាពអឺរ៉ុបរបស់យើង»