(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ កូរ៉េខាងជើងនៅថ្ងៃសៅរ៍នេះ បាននិយាយថានឹងពិចារណាចំពោះលទ្ធភាពរៀបចំកិច្ចប្រជុំកំពូលអន្តរកូរ៉េជាថ្មីម្ដងទៀត ប្រសិនបើការគោរពគ្នាទៅវិញទៅមក រវាងកូរ៉េទាំង២ ត្រូវបានធានា។

២៖ ក្រុមពន្លត់អគ្គិភ័យជាង ១,៦០០នាក់ កំពុងតែព្យាយាមទប់់ទល់ ភ្លើងឆេះព្រៃថ្មីមួយទៀត ដែលកំពុងមានសន្ទុះយ៉ាងខ្លាំងក្លានៅរដ្ឋកាលីហ្វ័រញ៉ា ភាគនិរតីនៃសហរដ្ឋអាមេរិក។

៣៖ បន្ទាប់ពីបានជួបប្រជុំជាមួយ ប្រមុខដឹកនាំក្រុមប្រទេស ក្វាដ (Quad) នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កត ម៉ូរីសុន (Scott Morrison) បានថ្លែងអំពីរឿងសំខាន់មួយថា ប្រទេសទាំងបួនបានពិភាក្សាគ្នា អំពីការធានាសន្តិសុខចំពោះខ្សែចង្វាក់ផ្គត់ផ្គង់ សម្រាប់គាំទ្រដល់ការអភិវឌ្ឍ បច្ចេកវិទ្យាចាំបាច់នានាដូចជា ការផលិតថាមពលស្អាត និងការកាត់បន្ថយវិបត្តិខ្វះបន្ទះឈីបជាសកល។

៤៖ នាយកប្រតិបត្តិហិរញ្ញវត្ថុក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញហើយនៅថ្ងៃសុក្រសប្ដាហ៍នេះ បីឆ្នាំ បន្ទាប់ពីជាប់ឃុំក្នុងផ្ទះនៅប្រទេសកាណាដា ក្រោយមានកិច្ចព្រមព្រៀងជាមួយក្រសួងយុត្តិធម៌អាមេរិកក្នុងការព្យួរចោលបទចោទប្រកាន់ប្រឆាំងនឹងលោកស្រី

៥៖ នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានឱ្យដឹងថា ពលរដ្ឋកាណាដា ២នាក់ដែលត្រូវបានអាជ្ញាធរចិនឃុំខ្លួនអស់រយៈពេល ច្រើនជាង ១,០០០ថ្ងៃនោះ ត្រូវបានដោះលែងឱ្យមានសេរីភាព ហើយពួកគេបានចាកចេញពីប្រទេសចិន ដោយនឹងត្រឡប់មកដល់កាណាដាវិញ នៅព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងនៅអូតតាវ៉ា)។

៦៖ ចិនថាការទាញស្ថានការណ៍ឲ្យត្រលប់ថយក្រោយវិញ ជាមធ្យោបាយដ៏ប្រសើរបំផុត ដើម្បីបំបែកភាពជាប់គាំងនៃបញ្ហាកូរ៉េខាងជើង៕