(ប៉េកាំង)៖ នាយកប្រតិបត្តិហិរញ្ញវត្ថុក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou នៅថ្ងៃសៅរ៍នេះបានបង្ហាញការដឹងគុណចំពោះប្រទេសចិន, គណបក្សកុម្មុយនិស្ដចិន និងរដ្ឋាភិបាលចិនដែលបានចូលរួមចំណែកធ្វើឱ្យលោកស្រីមានសេរីភាពឡើងវិញ បន្ទាប់ពីជាប់ឃុំនៅក្នុងផ្ទះនៅឯប្រទេសកាណាដា អស់រយៈពេលជាង ៣ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១។

ថ្លែងនៅលើយន្ដហោះក្នុងដំណើរផ្លូវឆ្ពោះមកកាន់ប្រទេសចិន លោកស្រី Meng Wanzhou បានបញ្ជាក់បន្ថែមដូច្នេះថា «បើគ្មានប្រទេសដ៏ខ្លាំងមួយទេ ម្ល៉េះខ្ញុំប្រហែលជាមិនត្រូវបានដោះលែងឡើយ»

គួរបញ្ជាក់ថា លោកស្រី Meng Wanzhou ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញនៅថ្ងៃសុក្រសប្ដាហ៍នេះ ក្រោមកិច្ចព្រមព្រៀងជាមួយ ក្រសួងយុត្តិធម៌អាមេរិក ក្នុងការព្យួរចោលបទចោទប្រកាន់ប្រឆាំងនឹងលោកស្រី។ លោកស្រីត្រូវបានអាជ្ញាធរកាណាដាឃាត់ខ្លួនកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅឯអាកាសយានដ្ឋាន Vancouver តាមសំណើរបស់សហរដ្ឋអាមេរិកដែលចោទប្រកាន់លោកស្រីពាក់ព័ន្ធនឹងបទក្លែងបន្លំជាច្រើនករណី។ ទំាងទីក្រុងប៉េកាំង និងក្រុមហ៊ុន Huawei បានច្រានចោលរាល់ការចោទប្រកាន់ពីទីក្រុងវ៉ាស៊ីនតោន៕