(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងជំរុញមេដឹកនាំពិភពលោក ឲ្យធ្វើអ្វីបន្ថែមទៀតដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយលោកនឹងប្រកាសថា រដ្ឋាភិបាលរបស់លោកនឹងបរិច្ចាគវ៉ាក់សាំង Pfizer-BioNTech ចំនួន៥០០លានដូសបន្ថែមទៀត ជូនដល់ពិភពលោកទាំងមូល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១។

លោក បៃដិន នឹងប្រកាសដំណឹងនេះនៅក្នុងកិច្ចប្រជុំកំពូលតាមអនឡាញដើម្បីបង្កើនអត្រាចាក់វ៉ាក់សាំងជាសកល ដែលនឹងត្រូវធ្វើឡើងនៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃពុធនេះ។

មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់បានបញ្ជាក់នៅមុនកិច្ចប្រជុំថា ការបរិច្ចាគត្រូវបានធ្វើឡើងដោយឥតគិតថ្លៃ និងគ្មានការរឹតត្បិតឡើយ។

គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថាលើកដំបូងរបស់លោក ទៅកាន់អង្គការសហប្រជាជាតិក្នុងនាមជាប្រធានាធិបតីអាមេរិក កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោក បៃដិន បានប្រាប់ប្រតិភូថា សហរដ្ឋអាមេរិកបានចំណាយប្រាក់ជាង ១៥ ពាន់លានដុល្លារអាមេរិកដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតសកល និងបានផ្តល់វ៉ាក់សាំងជាង១៦០ លានដូសទៅកាន់ប្រទេសផ្សេងៗ។

សហរដ្ឋអាមេរិក និងប្រទេសអ្នកមានផ្សេងទៀតត្រូវបានរិះគន់ដោយអង្គការសុខភាពពិភពលោក ចំពោះផែនការចាក់ដូសជំរុញ និងការស្តុកវ៉ាក់សាំងទុកដោយមិនប្រើប្រាស់ ខណៈដែលពិភពលោកភាគច្រើនប្រឈមនឹងការខ្វះខាតវ៉ាក់សាំងយ៉ាងធ្ងន់ធ្ងរ៕