(យូអិន)៖ រដ្ឋមន្រ្តីការបរទេសបារាំង លោក ហ្សង់ អ៉ីវ លឺទ្រីយ៉ង់ (Jean-Yves Le Drian) នៅថ្ងៃចន្ទសប្តាហ៍នេះ បាននិយាយថា កិច្ចព្រមព្រៀងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្តាលី (AKUKUS) គឺបង្ហាញឲ្យឃើញពី វិបត្តិនៃការជឿទុកចិត្តគ្នារវាងសម្ពន្ធមិត្ត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១។

លោក Le Drian បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ការលុបចោលកិច្ចសន្យាមិនសូវសំខាន់ប៉ុន្មានទេ តែវាជះផលប៉ះពាល់អវិជ្ជមានមកលើបារាំង ហើយអ្វីដែលសំខាន់ជាងគេបំផុតនោះ គឺវាជាបញ្ហាធ្ងន់ធ្ងរនៃការក្បត់ទំនុកចិត្តគ្នារវាងសម្ពន្ធមិត្ត។ រឿងនេះក៏នាំមកនូវការគួរគិតគូរ ពិចារណាឡើងវិញឲ្យបានស៉ីជម្រៅ សម្រាប់ពួកយើងក្នុងនាមជាអឺរ៉ុបផងដែរ ទាក់ទងទៅនឹងសម្ពន្ធភាពនិងភាពជាគូផ្សេងៗ»

លោកប្រមុខការទូតបារាំងបានសង្កត់ធ្ងន់ទៀតថា «បញ្ហាសំខាន់ជាងគេបង្អស់ គឺការរំលោភលើទំនុកចិត្តរវាងដៃគូ។ ពីព្រោះការជឿទុកចិត្ត ភាពជាដៃគូ និងសម្ពន្ធភាព គឺត្រូវតែមានតម្លៃភាព និងភាពអាចប៉ាន់ស្មានបាន។ ម៉្យាងវិញទៀត នៅក្នុងសម្ពន្ធភាព ឬភាពជាដៃគូ គឺតម្រូវឲ្យមានការនិយាយគ្នាត្រង់ៗ ដោយមិនលាក់លៀម ជាពិសេសពាក់ព័ន្ធនឹងបញ្ហាសំខាន់ៗ»

លោក Le Drian កំពុងស្ថិតនៅទីក្រុងញូយ៉ក ដើម្បីចូលរួមកិច្ចប្រជុំជាន់ខ្ពស់នៃមហាសន្និបាត UN តែលោកបានប្រាប់ថា លោកគ្មានបំណង ជួបជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken ឡើយ។

គួរបញ្ជាក់ថា ជម្លោះការទូតមិនធ្លាប់មាននេះរវាងទីក្រុងវ៉ាស៉ីនតោន និងទីក្រុងប៉ារីស បានកើតមានឡើង ដោយសារតែសេចក្តីប្រកាសមួយ កាលពីពេលថ្មីៗនេះ ដែលថាសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នឹងជួយអូស្រ្តាលីផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ជាហេតុធ្វើឲ្យកិច្ចសន្យារាប់សិបពាន់លានដុល្លារ ដែលអូស្រ្តាលីបានចុះជាមួយបារាំង ដើម្បីទិញនាវាមុជទឹកធម្មតា ត្រូវលុបចោលវិញ។ ដោយខឹងសម្បារចំពោះដំណឹងនេះ បារាំងបានកោះហៅទូតរបស់ខ្លួនប្រចាំនៅសហរដ្ឋអាមេរិក និងអូស្រ្តាលីមកវិញភ្លាមៗ៕