(ស៉ីដនី)៖ អាជ្ញាធរអូស្រ្តាលីបានសម្រេចបិទការដ្ឋានសាងសង់នានា នៅក្នុងទីក្រុងមែលប៊ន (Melbourne) នៃរដ្ឋវិចតូរៀ (Victoria) រយៈពេល ០២សប្ដាហ៍ គិតចាប់ពីថ្ងៃអង្គារនេះតទៅ បន្ទាប់ពីការធ្វើបាតុកម្មតវ៉ា ប្រឆាំងនឹងការដាក់ចេញនូវ «កាតព្វកិច្ចចាក់វ៉ាក់សាំង» នៅក្នុងទីក្រុងនេះ ប្រែក្លាយទៅជាអំពើហិង្សា ហើយការឆ្លងរាតត្បាតនៃជំងឺ COVID-19 នៅក្នុងរដ្ឋ ក៏បានកើនឡើងយ៉ាងគំហុកផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១។

បើតាមវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គម បានបង្ហាញឱ្យឃើញថា មនុស្សរាប់រយនាក់បានប៉ះទង្គិចគ្នាជាមួយក្រុមមន្រ្តីសហជីព ដោយបានយកដប និងកេសគុបទៅលើពួកគេ បន្ទាប់ពីរដ្ឋបាលគ្រប់គ្រងរដ្ឋ Victoria បានតម្រូវឱ្យកម្មករសំណង់ទាំងអស់ ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 យ៉ាងហោចណាស់ ០១ដូសត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ។

រដ្ឋមន្ត្រីទំនាក់ទំនង និងឧស្សាហកម្មរដ្ឋ លោក ធីម ផលឡាស (Tim Pallas) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីយប់ថ្ងៃចន្ទថា «យើងបានជូនដំណឹងដល់ឧស្សាហកម្មនេះ កាលពីមួយសប្តាហ៍មុន យើងបានឃើញអាកប្បកិរិយាគួរឱ្យរន្ធត់នៅនឹងកន្លែង និងនៅតាមដងផ្លូវរបស់យើង ហើយឥឡូវនេះយើងកំពុងធ្វើសកម្មភាពឆ្លើយយ៉ាងម៉ឺងម៉ាត់ ដោយគ្មានការស្ទាក់ស្ទើរនោះឡើយ»

កងកម្លាំងប៉ូលិសរដ្ឋ Victoria បានឲ្យដឹងបន្ថែមថា មនុស្សជាច្រើននាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីអង្គភាពជំនាញ និងឧបករណ៍ត្រួតពិនិត្យក្រុមមនុស្ស ត្រូវបានដាក់ពង្រាយ។ ការបង្ខំបិទការដ្ឋានសាងសង់ នឹងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសនេះ កាន់តែអាក្រក់ទៅៗ ដោយអ្នកជំនាញសេដ្ឋកិច្ចខ្លះបានព្យាករណ៍ថា ការបន្តអនុវត្តវិធានការបិទខ្ទប់ អាចជំរុញឲ្យប្រទេសអូស្រ្តាលីធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ដែលមិនធ្លាប់មានអស់ពេលជាច្រើនឆ្នាំមកនេះ។

គួរបញ្ជាក់ថា ប្រទេសអូស្រ្តាលីបានបិទខ្ទប់ទីក្រុងស៊ីដនី និងមែលប៊ន ដែលជាទីក្រុងមានប្រជាជនរស់នៅច្រើនបំផុតរបស់ខ្លួន រួមទាំងរដ្ឋធានីកង់បេរ៉ាផងដែរ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃវីរុសបំប្លែងខ្លួន Delta ដែលឆ្លងរាលដាលយ៉ាងឆាប់រហ័ស។ ប៉ុន្តែវិធានការរឹតត្បិតដ៏តឹងរ៉ឹងទាំងនេះ បានបង្កឱ្យមានការប្រមូលផ្តុំគ្នាធ្វើបាតុកម្មតវ៉ា ខណៈកងកម្លាំងប៉ូលិស បានចាប់ខ្លួនមនុស្សរាប់រយនាក់ នៅក្នុងទីក្រុងទាំងពីរកាលពីចុងសប្តាហ៍មុន៕