(យូអិន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងប្រកាសដំណឹងល្អ ពាក់ព័ន្ធទៅនឹងការបរិច្ចាគទឹកប្រាក់ ទៅក្នុងគោលដៅរៃអង្គាសរួមឲ្យបាន «១០០ពាន់លានដុល្លារ» ដើម្បីគាំទ្រពិភពលោក ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។ នេះបើតាមប្រភពព័ត៌មានពីមន្ត្រី នៃអង្គការសហប្រជាជាតិ (UN) បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំបិទទ្វាររវាងប្រទេសនានា ដែលជាផ្នែកមួយនៃកិច្ចប្រជុំរបស់ មហាសន្និបាតអង្គការសហប្រជាជាតិ ដកស្រង់ និងចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាព្រឹកថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១។

លោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងធ្វើកិច្ចអត្ថាធិប្បាយជាលើកដំបូង នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ក្នុងនាមជាមេដឹកនាំ នៃសហរដ្ឋអាមេរិក នាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅញូយ៉ក) ហើយសម្រាប់កិច្ចប្រជុំ បិទទ្វារកាលពីថ្ងៃចន្ទ រៀបចំឡើងដោយអគ្គលេខាធិការ UN លោក អាន់តូនីញ៉ូ ហ្គូទែរែស និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន នោះគឺមានលោក ចន ខឺរី (John Kerry) ដែលជាប្រេសិតទទួលបន្ទុកផ្នែកអាកាសធាតុ របស់សេតវិមានជាអ្នកចូលរួម។

គួរបញ្ជាក់ថា នៅក្នុងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឆ្នាំ២០១៥ បានចែងថា ប្រទេសអភិវឌ្ឍនានាលើភពផែនដីនេះ បានប្តេជ្ញារៃអង្គាសប្រាក់ឲ្យបាន ១០០ពាន់លានដុល្លារអាមេរិកនៅក្នុងមួយឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២០តទៅ ដើម្បីគាំទ្រដល់ប្រទេសក្រីក្រនានា ក្នុងដោះស្រាយផលប៉ះពាល់ បង្កឡើងដោយបញ្ហាបម្រែបម្រួលអាកាសធាតុ។

ទោះជាយ៉ាងណា សម្រាប់ឆ្នាំ២០២១នេះ ទឹកប្រាក់ប្រមាណតែ ២០ពាន់លានដុល្លារប៉ុណ្ណោះ ទើបត្រូវបានបរិច្ចាគ។ ប៉ុន្តែពេលនេះ «ដំណឹងល្អ» បានលេចចេញជាបណ្តើរៗហើយ ដោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងប្រកាសអំពីការបរិច្ចាគ ថវិកាដោយប្រទេសមហាអំណាចកំពូលមួយនេះ នៅក្នុងកិច្ចប្រជុំមហាសន្និបាត UN សម្រាប់ថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីជំរុញបន្ថែមនូវគោលដៅប្រមូលថវិកាឲ្យបាន ១០០ពាន់លានដុល្លារនោះ៕