(សិង្ហបុរី)៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Ong Ye Kung បានប្រកាសឲ្យដឹងថា វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ១០១,០០០ដូស បានមកដល់ប្រទេសសិង្ហបុរីនៅថ្ងៃចន្ទ ទី២០ ខែកញ្ញានេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន CNA។

លោកបានមានប្រសាសន៍ថា ការបញ្ជាទិញទាំងនេះគឺធ្វើឡើងតាមរយៈស្ថាប័នថែទាំសុខភាពឯកជន ហើយក្រសួងសុខាភិបាលបានជួយសម្រួលដល់ការដឹកជញ្ជូនវ៉ាក់សាំងទាំងនេះក្រោមមធ្យោបាយពិសេស។

លោករដ្ឋមន្ត្រីសុខាភិបាលសិង្ហបុរីរូបនេះបានបន្ថែមថា «វ៉ាក់សាំងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់បុគ្គល ដូចជាអ្នកដែលមានប្រតិកម្មជាមួយវ៉ាក់សាំងប្រភេទ mRNA ជាដើម»

លោក Kung បាននិយាយថា ប្រមាណជា ២ភាគរយនៃប្រទេសសិង្ហបុរីបានទទួលចាក់វ៉ាក់សាំងស៊ីណូវាក់យ៉ាងហោចណាស់មួយដូស ដែលគ្រប់គ្រងដោយក្រសួងសុខាភិបាល ក៏ដូចជាគ្លីនិកឯកជនដែលត្រូវបានអនុញ្ញាត៕