(វៀងច័ន្ទ)៖ ទីបំផុតប្រទេសឡាវបានប្រកាសដាក់ចេញនូវ វិធានការបិទខ្ទប់ (lockdown) រដ្ឋធានីវៀងច័ន្ទ (Vientiane) របស់ខ្លួនសាជាថ្មី និងហាមឃាត់ការធ្វើដំណើររវាងខេត្ត ដែលរងផលប៉ះពាល់ដោយជំងឺ COVID-19 ផងដែរ ខណៈករណីឆ្លងបានកើនឡើងដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានពីមុនមក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅរសៀលថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១។

ប្រទេសឡាវហាក់បីដូចជាបានរួចផុត ពីការឆ្លងរាតត្បាតនៃជំងឺ COVID-19 នៅឆ្នាំ២០២០ ហើយគិតមកដល់ត្រឹមខែមីនា ឆ្នាំ២០២១ ប្រទេសអាស៊ានមួយនេះ បានកត់ត្រានូវករណីឆ្លងសរុបតិចជាង ៦០ករណីប៉ុណ្ណោះ។ ប៉ុន្តែចាប់តាំងពីពាក់កណ្តាលខែមេសា ឡាវបានមើលឃើញការកើនឡើងជាលំដាប់ នូវករណីឆ្លងរាតត្បាត COVID-19 ហើយកាលពីចុងសប្ដាហ៍មុននេះ ប្រទេសនេះបានរាយការណ៍ពីការរកឃើញ ករណីឆ្លងថ្មីៗចំនួន ៤៦៧ករណី ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។

នៅចំពោះមុខការកើនឡើងនេះ អភិបាលក្រុងវៀងច័ន្ទ ដែលករណីឆ្លងភាគច្រើនត្រូវបានរកឃើញ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានប្រកាសដាក់ចេញនូវវិធានការបិទខ្ទប់ យ៉ាងតឹងរ៉ឹងរយៈពេល «២សប្តាហ៍» ដោយបញ្ជាឱ្យប្រជាពលរដ្ឋទាំងអស់ ស្នាក់នៅក្នុងផ្ទះរបស់ពួកគេ លុះត្រាតែត្រូវចេញទៅទិញចំណីអាហារ ថ្នាំសង្កូវ ឬធ្វើដំណើរទៅកាន់មន្ទីរពេទ្យ ទើបទទួលបានការអនុញ្ញាត។

បន្ថែមពីខាងលើនេះ រាល់ការធ្វើដំណើររវាងខេត្តដែលរងផលប៉ះពាល់ចំនួន ៧ ផ្សេងទៀត ក៏ត្រូវបានហាមឃាត់ផងដែរ ខណៈដែលការចូលទៅកាន់ទីក្រុងវៀងច័ន្ទ តម្រូវឱ្យមានការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសឡាវបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១៩,៣៩៩ករណី ក្នុងនោះមានអ្នកស្លាប់ ១៦នាក់ និងជាសះស្បើយវិញជិត ៦,០០០នាក់។ គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ឡាវបានចាក់វ៉ាក់សាំងបង្ការ COVID-19 ចំនួន ៤.៥លានដូស ក្នុងនោះប្រជាជន ១.៨៦លាននាក់ (ជិត ២៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕