(វ៉ាស៊ីនតោន)៖ ក្រុមសមាជិកព្រឹទ្ធសភាអាមេរិក មកពីគណបក្សប្រជាធិបតេយ្យកំពុងជួបឧបសគ្គរាំងស្ទះមួយ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចូលការធ្វើកំណែទម្រង់ អន្តោប្រវេសន៍ទៅក្នុងកញ្ចប់ថវិកា ៣.៥ទ្រីលានដុល្លារ បន្ទាប់ពីមន្ត្រីទីប្រឹក្សាព្រឹទ្ធសភាអាមេរិកជំទាស់នឹងចេតនាមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១។

នៅក្រោមផែនការរបស់ខ្លួន គណបក្សប្រជាធិបតេយ្យ មានគោលដៅផ្ដល់សញ្ជាតិដល់ជនអន្តោប្រវេសន៍មួយចំនួន ជាពិសេសគឺកុមារដែលបានភៀសខ្លួនមកកាន់ សហរដ្ឋអាមេរិក និងដែលត្រូវបានការពារពីការបណ្ដេញចេញ ដោយច្បាប់មួយដែលគេស្គាល់ថា «DACA»។ លោក Chuck Schumer ជាប្រធានសមាជិកព្រឹទ្ធសភាខាង គណបក្សប្រជាធិបតេយ្យបានបញ្ជាក់ថាបក្សប្រជាធិបតេយ្យពិតជាមានការសោកស្ដាយជាខ្លាំងចំពោះការសម្រេចចិត្តរបស់មន្ត្រីទីប្រឹក្សាព្រឹទ្ធសភាអាមេរិក ប៉ុន្តែទោះជា យ៉ាងណា នឹងមិនបោះបង់ចោលឡើយ ដោយនឹងនៅតែបន្តកិច្ចខិតខំប្រឹងប្រែងស្វែងរកឋានៈស្របច្បាប់សម្រាប់ជនអន្តោប្រវេសន៍។

គួរបញ្ជាក់ថា ការអនុម័តសេចក្ដីព្រាងច្បាប់ភាគច្រើននៅក្នុងព្រឹទ្ធសភាអាមេរិក ត្រូវតម្រូវឱ្យមានការគាំទ្រពីសមាជិកព្រឹទ្ធសភា ៦០នាក់ ក្នុងចំណោមសមាជិកព្រឹទ្ធសភា សរុប១០០នាក់។ ដូច្នេះគេរំពឹងថាការបោះឆ្នោតលើកញ្ចប់ថវិកា ឬការបញ្ចូលផែនការអន្តោប្រវេសន៍ទៅក្នុងផែនការកញ្ចប់ថវិកា ៣.៥ទ្រីលានដុល្លារខាងលើ អាចនឹង ត្រូវបានអនុម័ត នៅក្នុងករណីដែលសំឡេងបោះឆ្នោតរវាងគណបក្សទាំង២ ក្នុងព្រឹទ្ធសភាអាមេរិកមានសំឡេងស្មើគ្នា នោះអនុប្រធានាធិបតីលោកស្រី Kamala Harris នឹងបោះឆ្នោតសម្រេចចុងក្រោយ៕