(ស៉ីដនី)៖ រដ្ឋវិចតូរៀ (Victoria) នៃប្រទេសអូស្រ្តាលី នៅថ្ងៃចន្ទនេះបានរាយការណ៍ពីការកើនឡើងនូវករណីឆ្លងជំងឺ COVID-19 ដ៏ច្រើនបំផុតរបស់ខ្លួន ខណៈវិធានការ ការរឹតត្បឹតមួយចំនួន នៅទីក្រុងស៊ីដនី (Sydney) រដ្ឋញូសោតវេសស៍ (New South Wales ឬ NSW) ត្រូវបានបន្ធូរបន្ថយ ទោះបីជាមានការបន្តឆ្លងរីករាលដាលនៃ ជំងឺនេះយ៉ាងគំហុកក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១។

វិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹងនៅរដ្ឋ Victoria នឹងត្រូវបញ្ចប់នៅពេលដែលមនុស្សពេញវ័យប្រមាណ ៧០ភាគរយបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ (ចំនួន ០២ដូស) ដែលត្រូវបានគេរំពឹងថា នឹងសម្រេចបាននៅថ្ងៃទី២៦ ខែតុលាខាងមុខនេះ ហើយអាជ្ញាធរ មានបំណងឈានដល់៨០ភាគរយ នៅមុនការប្រកួត Melbourne Cup ថ្ងៃទី០២ ខែវិច្ឆិកាខាងមុខនេះ ដែលជាព្រឹត្តិការណ៍ប្រណាំងសេះដ៏ល្បីបំផុតរបស់ប្រទេសអូស្ត្រាលី។

ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៥៦៧ករណីបន្ថែមទៀត ត្រូវបានរកឃើញនៅរដ្ឋ Victoria នៅថ្ងៃចន្ទនេះ ដែលភាគច្រើនត្រូវបានរកឃើញនៅក្នុងទីក្រុងមែលប៊ន (Melbourne) ដែលបានកើនឡើងពី ៥០៧ករណីកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ហើយអ្នកជំងឺម្នាក់ ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ។

ស្ទើរតែពាក់កណ្តាលនៃប្រជាជនសរុប ២៥លាននាក់របស់ប្រទេសអូស្រ្តាលីកំពុងស្ថិតនៅក្នុងការជាប់គាំងនៅឡើយ បន្ទាប់ពីវីរុសបំប្លែងខ្លួន Delta បានឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនៅទីក្រុង Sydney និង Melbourne ដែលបង្ខំឱ្យរដ្ឋ Victoria និង New South Wales បោះបង់ចោលគោលដៅ «សូន្យករណី» ហើយប្តូរទៅជាការចាក់វ៉ាក់សាំងយ៉ាងឆាប់រហ័សវិញ ដើម្បីបន្ធូរបន្ថយវិធានការរឹតត្បឹត។

ខណៈការចាក់វ៉ាក់សាំងមានល្បឿនលឿន វិធានការការរឹតត្បឹតមួយចំនួនលើការប្រមូលផ្តុំគ្នា ត្រូវបានបន្ធូរបន្ថយនៅថ្ងៃចន្ទនេះ នៅក្នុងតំបន់ជាយក្រុងចំនួន ១២ ដែល រងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតនៅភាគខាងលិចទីក្រុង Sydney។ ការកំណត់ពេលវេលាសម្រាប់ធ្វើលំហាត់ប្រាណនៅខាងក្រៅ ត្រូវបានដកចេញ រីឯអ្នកដែលបានទទួល ការចាក់វ៉ាក់សាំងពេញលេញរួចរាល់ហើយនោះ អាចប្រមូលផ្តុំគ្នានៅខាងក្រៅបាន ជាមួយក្រុមមនុស្សចំនួន ០៥នាក់។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសអូស្រ្តាលី បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ៨៧,១០០ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ១,១៦៧នាក់ និងអ្នកជាសះស្បើយជាង ៦៣,៣០០នាក់ ខណៈប្រហែល ៤៧ ភាគរយនៃប្រជាជនសរុបនៅទូទាំងប្រទេស បានទទួលការចាក់វ៉ាក់សាំងពេញលេញរួចរាល់ហើយ៕