(វ៉ាស៊ីនតោន)៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក Anthony Fauci បាននិយាយថាទិន្នន័យដែលចាំបាច់ដើម្បីកំណត់ថាតើគួរ ឬមិនគួរចាក់ វ៉ាក់សាំងដូសទី៣ ឬដូសជំរុញសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Moderna និង Johnson & Johnson ដែរឬក៏យ៉ាងណា នឹងត្រូវបញ្ចេញក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១។

ក្រុមមន្ត្រីសុខាភិបាលអាមេរិករំពឹងថាការចាក់ដូសជំរុញអាចនឹងត្រូវផ្ដល់អនុសាសន៍ដល់ប្រជាជនអាមេរិកទូទៅ ប៉ុន្តែទន្ទឹមគ្នាពួកគេក៏បានជំរុញផងដែរឱ្យប្រជាជនអាមេរិក កុំព្យាយាមស្វែងរកការចាក់ដូសជំរុញ រហូតដល់មានការអនុញ្ញាត ឬផ្ដល់អនុសាសន៍ពីទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក (FDA) ជាមុនសិន។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន គណៈកម្មាធិការប្រឹក្សាយោបល់នៃទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក (FDA) បានផ្ដល់អនុសាសន៍អនុញ្ញាតសម្រាប់ការ ចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសទី៣ សម្រាប់អ្នកបានចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech គ្រប់ដូស ឬ២ដូសរួចដែលមានអាយុ ៦៥ឆ្នាំឡើង ឬមនុស្ស ងាយរងគ្រោះដោយជំងឺដ៏កាចសាហាវមួយនេះ។ តែ FDA មិនបានផ្ដល់អនុសាសន៍ឱ្យចាក់ដូសជំរុញសម្រាប់ប្រជាជនអាមេរិកទូទៅនោះទេ៕