(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងជើង នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បាននិយាយថា សម្ពន្ធភាពថ្មីរវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសអូស្ត្រាលី នឹងការផ្តល់បច្ចេកវិទ្យាដើម្បីជួយអូស្ត្រាលីក្នុងការផលិត នាវាមុជទឹកដើរដោយថាមពលននុយក្លេអ៊ែរនោះ អាចនឹងបង្កឲ្យមាន «ការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ» នៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

កាលពីសប្តាហ៍មុននេះ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសអូស្ត្រាលី បានប្រកាសពីការបង្កើតសម្ពន្ធភាពត្រីភាគីថ្មីមួយ ដែលមានអក្សរកាត់ថា «A-UK-US» ហើយនៅក្នុងនោះ អ្វីដែលអន្តរជាតិចាប់អារម្មណ៍បំផុត គឺកិច្ចសន្យាផ្តល់បច្ចេកវិទ្យា ដើម្បីជួយអូស្ត្រាលីក្នុងការផលិតនាវាមុជទឹក ដើរដោយថាមពនុយក្លេអ៊ែរ។ មិនត្រឹមតែប្រទេសចិន បារាំង និងឥណ្ឌូណេស៊ីប៉ុណ្ណោះទេ ដែលបានចេញប្រតិកម្ម ក្នុងទម្រង់ផ្សេងៗគ្នា ដោយពេលនេះសូម្បីតែកូរ៉េខាងជើង ក៏បានចេញមុខព្រមាន ចំពោះអ្វីដែលសម្ពន្ធមិត្តទាំងបីខាងលើនេះ ទើបសម្រេចចេញក្តៅៗនោះផងដែរ។

សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយនូវសេចក្តីថ្លែងការណ៍ ពីសំណាក់ក្រសួងការបរទេសខ្លួនយ៉ាងដូច្នេះថា «ទាំងអស់នេះគឺជាសកម្មភាពដែលគ្រោះថ្នាក់បំផុត និងគ្មាននរណាចង់ឃើញឡើយ... ព្រោះវានឹងបង្កអតុល្យភាពជាយុទ្ធសាស្ត្រ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជំរុញឱ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរថែមទៀត។ ទង្វើបែបនេះពិតជាបង្ហាញថា សហរដ្ឋអាមេរិកគឺជាមេពិរុទ្ធជន ដែលកំពុងផ្តួលរំលំ ប្រព័ន្ធមិនរីកសាយភាយអាវុធនុយក្លេអ៊ែររបស់អន្តរជាតិ»

គួរបញ្ជាក់ថា ឆ្លើយតបទៅនឹងការរិះគន់ធ្ងន់ៗពីសំណាក់ ប្រទេសធំៗនៅលើពិភពលោក និងសូម្បីតែសម្ពន្ធមិត្តខ្លួនឯងនោះ អូស្ត្រាលីបានអះអាងតបវិញថា ការសម្រេចចិត្តបែបនេះ គឺដើម្បីផលប្រយោជន៍ជាតិ។ ដោយឡែកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីចុងសប្តាហ៍មុននេះ បានស្នើសុំកិច្ចចរចាជាមួយ ប្រធានាធិបតីបារាំងលោក ម៉ាក្រុង ដើម្បីដោះស្រាយការប្រេះឆាគ្នារវាងសម្ពន្ធមិត្ត ព្រោះកិច្ចសន្យារវាង អាមេរិក អង់គ្លេស និងអូស្ត្រាលី បានធ្វើឲ្យបារាំងខាតបង់ ៤០ពាន់លានដុល្លារអាមេរិករួចទៅហើយ ពីការលុបចោលកិច្ចព្រមព្រៀងទិញ នាវាមុជទឹក-នុយក្លេអ៊ែររបស់អូស្ត្រាលី៕