(ប៉ារីស)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានស្នើឱ្យមានកិច្ចចរចាដំបូងជាមួយប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី ១៩ ខែកញ្ញានេះ ក្នុងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងមួយដើម្បីដោះស្រាយភាពប្រេះឆា បន្ទាប់ពីមានជម្លោះលើកិច្ចព្រមព្រៀងនាវាមុជទឹក ដែលបង្កឱ្យមានភាពតានតឹងដ៏កម្ររវាងសម្ព័ន្ធមិត្ត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០២១។

ការប្រកាសនេះបានកើតឡើង បន្ទាប់ពីនាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Scott Morrison បានច្រានចោលការចោទប្រកាន់របស់បារាំងដែលថា ទីក្រុងកង់បេរ៉ា បានកុហកអំពីគម្រោងលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹករបស់បារាំង ដោយនិយាយថា លោកបានលើកឡើងពីក្ដីកង្វល់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទិញនាវាមុជទឹក ទៅជជែកជាមួយបារាំងអស់រយៈពេលជាច្រើនខែ មកហើយ តាមរយៈការរៀបចំកិច្ចប្រជុំជាច្រើនក្នុងនោះរួមមានទាំងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិផងដែរ។

លោក Morrison ក៏បានអះអាងដែរថាលោកមិនស្ដាយក្រោយឡើយ ដែលលុបចោលកិច្ចព្រមព្រៀងជាមួយបារាំង។ «ខ្ញុំមិនមានការសោកស្ដាយអ្វីទេ ក្នុងការសម្រេចចិត្តដែលតម្កល់ផលប្រយោជន៍ជាតិរបស់អូស្ត្រាលីមុនគេ»។ នេះជាការ បញ្ជាក់របស់លោក ម៉ូរីសុន។

គួរបញ្ជាក់ថា ការសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកមានតម្លៃជាង ៤០ពាន់លានដុល្លារពីក្រុមហ៊ុនបារាំង Naval Group កាលពីឆ្នាំ២០១៦ ដោយភាគី អូស្ត្រាលី កើតមានឡើងបន្ទាប់ពីអាមេរិក អង់គ្លេស និងអូស្ត្រាលី ប្រកាសបង្កើតសម្ព័ន្ធភាពយោធាត្រីភាគីថ្មីមួយដែលតាមរយៈសម្ព័ន្ធភាពនេះ អាមេរិក និងអូស្ត្រាលី នឹងជួយអូស្ត្រាលីផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ បារាំងបានហៅការបង្កើតសម្ព័ន្ធភាពនេះថាជាការលួចចាក់ខ្លួនពីក្រោយខ្នង ហើយវាកំពុងធ្វើឱ្យ ទំនាក់ទំនងរវាងអាមេរិក អូស្ត្រាលី ជាមួយបារាំងល្អក់កករនឹងគ្នា៕