(ស៊ីដនី)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) នៅថ្ងៃអាទិត្យនេះបានចេញមុខការពារការសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងទិញ នាវាមុជទឹកពីបារាំង ដ្បិតការធ្វើបែបនេះគឺដើម្បីប្រយោជន៍ជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០២១។

បើតាមលោក ម៉ូរីសុន រដ្ឋាភិបាលអូស្ត្រាលីបានលើកឡើងពីក្ដីកង្វល់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទិញនាវាមុជទឹក ទៅជជែកជាមួយបារាំងអស់រយៈពេលជាច្រើនខែ មកហើយ តាមរយៈការរៀបចំកិច្ចប្រជុំជាច្រើនក្នុងនោះរួមមានទាំងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិផងដែរ។ លោក ម៉ូរីស ក៏បានអះអាងដែរថាលោកមិនស្ដាយក្រោយឡើយ ដែលលុបចោលកិច្ចព្រមព្រៀងជាមួយបារាំង។ «ខ្ញុំមិនមានការសោកស្ដាយអ្វីទេ ក្នុងការសម្រេចចិត្តដែលតម្កល់ផលប្រយោជន៍ជាតិរបស់អូស្ត្រាលីមុនគេ»។ នេះជាការ បញ្ជាក់របស់លោក ម៉ូរីសុន។

គួរបញ្ជាក់ថា ការសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកមានតម្លៃជាង ៤០ពាន់លានដុល្លារពីក្រុមហ៊ុនបារាំង Naval Group កាលពីឆ្នាំ២០១៦ ដោយភាគី អូស្ត្រាលី កើតមានឡើងបន្ទាប់ពីអាមេរិក អង់គ្លេស និងអូស្ត្រាលី ប្រកាសបង្កើតសម្ព័ន្ធភាពយោធាត្រីភាគីថ្មីមួយដែលតាមរយៈសម្ព័ន្ធភាពនេះ អាមេរិក និងអូស្ត្រាលី នឹងជួយអូស្ត្រាលីផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ បារាំងបានហៅការបង្កើតសម្ព័ន្ធភាពនេះថាជាការលួចចាក់ខ្លួនពីក្រោយខ្នង ហើយវាកំពុងធ្វើឱ្យ ទំនាក់ទំនងរវាងអាមេរិក អូស្ត្រាលី ជាមួយបារាំងល្អក់កករនឹងគ្នា៕