(មែលប៊ន)៖ មនុស្សយ៉ាងហោច ២៣៥នាក់ ត្រូវបានឃាត់ខ្លួន ហើយប៉ូលិស ១០នាក់បានរងរបួស ក្រោយមានការប៉ះទង្គិចគ្នាកំឡុងការធ្វើបាតុកម្មតវ៉ាទ្រង់ទ្រាយធំមួយប្រឆាំងនឹងវិធានការបិទខ្ទប់ទប់ស្កាត់ការឆ្លងរាលដាល COVID-19 នៅក្នុងទីក្រុង មែលប៊ន (Melbourne) ប្រទេសអូស្ត្រាលីកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងមែលប៊ន)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ១៩ ខែកញ្ញា ឆ្នាំ២០២១។

ប៉ូលិស ២,០០០នាក់ត្រូវបានដាក់ពង្រាយនៅឯសង្កាត់ពាណិជ្ជកម្មមួយនៃទីក្រុងមែលប៊ន ដើម្បីរារាំងកុំឱ្យក្រុមបាតុករធ្វើបាតុកម្មតវ៉ា ខណៈបើតាមប៉ូលិស អូស្ត្រាលី មនុស្សប្រមាណជា៥០០ ទៅ៧០០នាក់ បានចូលរួមក្នុងនៅបាតុកម្មតវ៉ានេះ។ ក្រុមបាតុករបានសម្ដែងការជំទាស់យ៉ាងខ្លាំងចំពោះការសម្រេចចិត្ត ពន្យារពេលអនុវត្តវិធានការបិទខ្ទប់៣សប្ដាហ៍បន្ថែមទៀត ហើយការសម្រេចចិត្តបែបនេះទៀតសោតរបស់អាជ្ញាធរអូស្ត្រាលីធ្វើឡើងក្រោយមើលឃើញករណីឆ្លង COVID-19 ប្រចាំថ្ងៃ បង្កឡើងដោយវីរុសបំប្លែងថ្មី Delta នៅតែមិនទាន់ថមថយ ទោះជាមានការអនុវត្តវិធានការតឹងរ៉ឹងក៏ដោយ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometer អូស្ត្រាលីបច្ចប្បន្នមានឆ្លង COVID-19 សរុប ៨៥,៦៤៨នាក់ ក្នុងនោះស្លាប់ ១,១៦២នាក់ និងជាសះស្បើយឡើងវិញ ៦៣,៣៧៨នាក់៕