(យូអិន)៖ ប្រេសិតចិនមួយរូបបានថ្លែងនៅសុក្រនេះ (ពេលវេលានៅញូយ៉ក) ដោយជំរុញឲ្យសហគមន៍អន្តរជាតិ ជួយគាំទ្រប្រជាជនអាហ្វហ្កានីស្ថាន នៅលើផ្លូវទៅរកការអភិវឌ្ឍ ដែលពួកគេជ្រើសរើស, ប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងផ្តល់ជំនួយមនុស្សធម៌។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១។

លោក តាយ ពីង (Dai Bing) អ្នកតំណាងអចិន្ត្រៃយ៍រងរបស់ចិន ប្រចាំនៅអង្គការសហប្រជាជាតិ (UN) បានថ្លែងថា សហគមន៍អន្តរជាតិគួរតែឈរលើមូលដ្ឋាន នៃការគោរពអធិបតេយ្យភាព, ឯករាជ្យភាព និងបូរណភាពទឹកដីអាហ្វហ្កានីស្ថាន ស្របតាមគោលការណ៍ «ដឹកនាំដោយអាហ្វហ្គានីស្ថាន» និងគាំទ្រប្រជាជនអាហ្វហ្កានីស្ថានក្នុងការជ្រើសរើស ផ្លូវអភិវឌ្ឍដោយខ្លួនពួកគេផ្ទាល់។

នៅកំលុងកិច្ចអត្ថាធិប្បាយមួយបន្ទាប់ពីការបោះឆ្នោតរបស់ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) ដើម្បីពន្យារអាណត្តិនៃបេសកកម្មផ្តល់ជំនួយរបស់ UN នៅអាហ្វហ្កានីស្ថាន, លោក Dai ក៏បានអំពាវនាវផងដែរឱ្យសហគមន៍អន្តរជាតិ លើកកម្ពស់រចនាសម្ព័ន្ធនយោបាយរួមនៅអាហ្វហ្គានីស្ថាន ឲ្យអនុវត្តគោលនយោបាយក្នុង និងក្រៅប្រទេសដោយភាពប្រយ័ត្នប្រយែង, រក្សាមិត្តភាព និងទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសជិតខាង ព្រមទាំងគោរពសិទ្ធិជនជាតិភាគតិច ស្ត្រី និងកុមារផងដែរ។

ចិនក៏បានរំលឹកផងដែរ អំពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរតាលីបង់ ក្នុងការកសាងសន្តិសុខ និងស្ថិរភាព ដោយមិនបណ្តោយឲ្យទឹកដីអាហ្វហ្កានីស្ថាន ត្រូវបានប្រើប្រាស់ដើម្បីបំពានប្រយោជន៍ ឬបំផ្លាញសន្តិសុខប្រទេសដទៃឡើយ។ ចិនសង្ឃឹមថា រដ្ឋាភិបាលដឹកនាំតាលីបង់ នឹងគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួន ដោយកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមភេរវករទាំងអស់ ហើយកម្ចាត់រាល់អំពើភេរវកម្ម ឲ្យអស់ពីទឹកដីអាហ្វហ្កានីស្ថាន៕