(ប៉េកាំង)៖ ទីក្រុង សាមិន (Xiamen) នៅភាគអាគ្នេយ៍នៃប្រទេសចិន នាថ្ងៃសៅរ៍នេះ បានអំពាវនាវឲ្យប្រជាជនទាំងអស់ កុំចេញពីផ្ទះបើមិនចាំបាច់ ហើយថែមទាំងបិទកន្លែងសាធារណៈផ្សេងៗ បន្ទាប់ពីជំងឺ COVID-19 បានរាតត្បាតចូលទៅដល់ទីក្រុងនៃខេត្ត ហ៊្វូចៀន (Fujian) មួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១។

ការចេញវិធានការខាងលើ ដែលអាចចាត់ទុកថាជា វិធានការបិទខ្ទប់ (lockdown) បានកើតមានឡើង ចំថ្ងៃដំបូងនៃបុណ្យសែនលោកខែរបស់ចិន ដែលជាកំលុងពេលមួយមាន ការធ្វើដំណើរមមាញឹកគួរសម នៅក្នុងប្រទេសដ៏ធំធេងនេះ។ ទីក្រុង Xiamen ដែលមានប្រជាជន រស់នៅសរុប ៥លាននាក់ ស្ថិតក្នុងចំណោមទីក្រុងចំនួន ៤ នៃខេត្ត Fujian បានរាយការណ៍ពីករណីឆ្លង COVID-19 នៅប៉ុន្មានថ្ងៃកន្លងទៅនេះ ខណៈខេត្ត Fujian កំពុងជាចំណុចឆ្លងរាលដាលថ្មីចុងក្រោយគេ។

គួរបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ខេត្ត Fujian បានរាយការណ៍ករណីឆ្លង COVID-19 ក្នុងសហគមន៍សរុបចំនួន ២៩២នាក់។ ការឆ្លងរាលដាល COVID-19 ក្នុងប្រទេសចិនកាលពីលើកមុន គឺទើបតែបានផ្ទុះឡើងនៅចន្លោះចុងខែកក្កដា-សីហា កន្លងទៅនេះ ដែលបានរាតត្បាតដល់ទីក្រុងសរុបចំនួន ១០។

សម្រាប់ប្រទេសចិនទាំងមូល គិតត្រឹមថ្ងៃសៅរ៍នេះមានករណីឆ្លង COVID-19 សរុប ៩៥,៦២៣ករណី ក្នុងនោះស្លាប់ ៤,៦៣៦នាក់ និងជាសះស្បើយវិញ ៩០,០៧៤នាក់។ បើតាមតួលេខចុងក្រោយ ចិនបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ២.១៧ពាន់លានដូស ក្នុងនោះប្រជាជនខ្ទង់ ១ពាន់លាននាក់ បានទទួលការចាក់គ្រប់ដូស៕