(តៃប៉ិ)៖ យោធាកោះតៃវ៉ាន់បានអះអាងថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ យន្តហោះចម្បាំងចិនរហូតដល់ទៅ ១០គ្រឿង បានហោះចូលមកក្នុង តំបន់ការពារដែនអាកាសកំណត់ដោយតៃវ៉ាន់ បន្ទាប់ពីដែនកោះដែលប្រទេសចិនចាត់ទុក ត្រឹមតែជាខេត្តមួយរបស់ខ្លួននេះ ទើបតែបានប្រកាសចេញនូវគម្រោងបង្កើនថវិកា សម្រាប់វិស័យយោធារហូតដល់ ៨.៧ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១។

សម្រាប់ការហោះហើរខាងលើនេះ គឺត្រូវបានកោះតៃវ៉ាន់អះអាងថា ជាយន្តហោះចម្បាំងប្រភេទ J-16 ចំនួន ៦គ្រឿង និង J-11 ចំនួន ២គ្រឿង បូករួមទាំងយន្តហោះប្រឆាំងនាវាមុជទឹកមួយគ្រឿង និង យន្តហោះឈ្លបយកការណ៍មួយគ្រឿងទៀតផងដែរ ដែលបានហោះចូលក្នុងតំបន់ការពារដែនអាកាសនៃកោះ ប្រាតាស (Pratas) ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់កោះតៃវ៉ាន់។

កោះតៃវ៉ាន់ក៏បានអះអាងផងដែរ អំពីការបញ្ជូនយន្តហោះប្រដេញ ដើម្បីរុញច្រានយន្តហោះចម្បាំងចិនទាំងអស់នោះ ឲ្យចាកចេញពីតំបន់ការពារដែនអាកាសរបស់ខ្លួនវិញ ហើយខ្លួនក៏បានដាក់ប្រព័ន្ធការពារមីស៊ីល ឲ្យប្រុងជើងការជានិច្ចផងដែរ។

គួរបញ្ជាក់ថា រដ្ឋាភិបាលកោះតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានស្នើសុំកញ្ចប់ថវិកាបន្ថែម ៨.៦៩ ពាន់លានដុល្លារបន្ថែម ទៅលើវិស័យការពារជាតិ សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ដើម្បីអភិវឌ្ឍអាវុធទំនើបៗ ប្រឈមមុខនឹងការគំរាមកំហែងកាន់តែធ្ងន់ធ្ងរពីចិន។

ក្រសួងការពារជាតិតៃវ៉ាន់បានឱ្យដឹង តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួនថា កញ្ចប់ថវិការខាងលើនឹងត្រូវប្រើប្រាស់ ដោយផ្តោតសំខាន់ទៅលើមីស៊ីលចង្អុលប្រាប់ទិស ឬគ្រូសមីស៊ីល (Cruise Missile) និងនាវាចម្បាំងថ្មីៗ។ ប៉ុន្តែទន្ទឹមគ្នាកញ្ចប់ថវិការទាំងនេះក៏ត្រូវបានគេរំពឹងថា នឹងហូរចូលទៅក្នុងហោប៉ាវរបស់សហរដ្ឋអាមេរិក ដែលជាអ្នកលក់អាវុធដ៏ធំរបស់តៃវ៉ាន់ផងដែរ។

ការស្នើកញ្ចប់ថវិកាបន្ថែមខាងលើ ធ្វើឡើងក្រសួងការពារជាតិកោះតៃវ៉ាន់ ត្រូវបានគេរំពឹងខ្ពស់ថា នឹងត្រូវសភាតៃវ៉ាន់អនុម័ត ដ្បិតគណបក្សកាន់អំណាចរបស់ លោកស្រីប្រធានាធិបតី ត្សៃ អ៊ីងវិន (Tsai Ing-wen) កំពុងគ្រប់គ្រងសំឡេងភាគច្រើនក្នុងសភាជាតិ។

ដោយឡែកប្រតិកម្មតបរបស់ប្រទេសចិន ពិតជាបានកើតមានដូចការគ្រោងទុកមែន នោះគឺការបញ្ជូនយន្តហោះចម្បាំង ឲ្យមកហោះឆ្វែលកោះតៃវ៉ាន់ កាលពីថ្ងៃសុក្រម្សិលមិញនេះ។ កោះតៃវ៉ាន់ត្រូវបានប្រទេសចិនចាត់ទុកជានិច្ចថា ត្រឹមតែជាខេត្តរបស់ខ្លួនមួយប៉ុណ្ណោះ ស្របទៅតាមគោលនយោបាយចិនតែមួយ ដែលប្រទេសភាគច្រើនបំផុតលើសកលលោក រួមទាំងសហរដ្ឋអាមេរិកផងដែរ បានប្រកាសទទួលស្គាល់៕