(អាល់ហ្សេ)៖ អតីតប្រធានាធិបតីអាល់ហ្សេរី លោក អាប់ឌែលឡាហ្ស៊ីស បួតេហ្វ្លីកា (Abdelaziz Bouteflika) ទើបតែបានទទួលមរណភាព កាលពីថ្ងៃសុក្រសប្តាហ៍នេះនៅអាយុ ៨៤ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១។

លោក Bouteflika បានកាន់តួនាទីជារដ្ឋមន្រ្តីការបរទេស នៃប្រទេសនៅតំបន់អាហ្រ្វិកខាងជើងមួយនេះ នៅឆ្នាំ១៩៦៣ ហើយក្រោយមកទៀត លោកបានចូលរួមក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាល់ហ្សេរី នៅឆ្នាំ១៩៩៩ ហើយទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី។ លោក Abdelaziz Bouteflika បានកាន់អំណាចជាប្រធានាធិបតីអាល់ហ្សេរី បានរហូតដល់ទៅ ៤អាណត្តិជាប់ៗគ្នា (មួយអាណត្តិស្មើនឹង ៥ឆ្នាំ)។

គួរបញ្ជាក់ថា បន្ទាប់ពីប្រឈមការធ្វើបាតុកម្មទ្រង់ទ្រាយធំ ដែលអូសបន្លាយជាច្រើនខែ លោក Bouteflika ក៏បានសុខចិត្តលាលែងពីតំណែង កាលពីខែមេសា ឆ្នាំ២០១៩ ក្រោយកាន់អំណាចជិត ២០ឆ្នាំ៕