(ញូដេលី)៖ ប្រទេសឥណ្ឌា ពេញមួយថ្ងៃសុក្រម្សិលមិញនេះ បានផ្តល់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនចំនួន ២២.៦លានដូស ដែលច្រើនអត្រាចាក់វ៉ាក់សាំងជាមធ្យមប្រចាំថ្ងៃ កំលុងរយៈពេល១ខែកន្លងទៅ ដល់ទៅ៣ដងឯណោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១។

រដ្ឋមន្រ្តីសុខាភិបាលឥណ្ឌា លោក ហាស្ស វ៉ាដាន (Harsh Vardhan) បានហៅព្រឹត្តិការណ៍ចាក់វ៉ាក់សាំងនេះថា ជាអំណោយថ្ងៃខួបកំណើតរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ដែលឈានចូលវ័យ៧១ឆ្នាំ និងបានរងគេរិះគន់យ៉ាងខ្លាំង ចំពោះការកើនឡើងនៃការឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 យ៉ាងច្រើនលើសលុប នៅក្នុងប្រទេសឥណ្ឌា កាលពីខែមេសា-ឧសភា ឆ្នាំ២០២១។

លោក Narendra Modi បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គម Twiiter ថា «ប្រជាជនឥណ្ឌាគ្រប់រូប មានមោទនភាពយ៉ាងខ្លាំង ចំពោះតួលេខចាក់វ៉ាក់សាំងដែលបានកត់ត្រានៅថ្ងៃនេះ។ សូមឱ្យយើងបន្តបង្កើនការចាក់វ៉ាក់សាំងបន្ថែមទៀត ដើម្បីកម្ចាត់ជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ»

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសឥណ្ឌា ដែលមានប្រជាជនជាង ១.៣៥ពាន់លាននាក់ បានផ្ដល់ការចាក់វ៉ាក់សាំង ជូនដល់ប្រជាជនរបស់ខ្លួនសរុបជាង ៧៩២លានដូសហើយ ជាចំនួនច្រើនជាងគេបន្ទាប់ពីប្រទេសចិន ខណៈប្រទេសនេះ បានកត់ត្រានូវករណីឆ្លងសរុបជាង ៣៣.៤១លានករណី និងអ្នកស្លាប់ជាង ៤៤៤,៥០០នាក់៕