(កាប៊ុល)៖ នៅថ្ងៃសុក្រនេះនិមិត្តសញ្ញាក្រសួងកិច្ចការនារីរបស់ប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានគេផ្លាស់ប្តូរ ដោយប្រើនិមិត្តសញ្ញាប៉ូលីសសីលធម៌តាលីបង់ជំនួស ខណៈដែលអតីតបុគ្គលិកស្រីនៃនាយកដ្ឋាននេះបានបញ្ជាក់ថា ពួកគេត្រូវបានគេបណ្តេញចេញពីអាគារមិនឲ្យធ្វើការ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១។

យោងតាមរូបថត និងសាក្សីរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា «និមិត្តសញ្ញារបស់អាគារក្រសួង ត្រូវបានជំនួសនិមិត្តសញ្ញាថ្មី ដោយមានលាយអក្សរអារ៉ាប់ដោយសរសេរថា ក្រសួងអធិស្ឋាន និងការណែនាំ លើកតម្កើងគុណធម៌ និងការពារឧក្រិដ្ឋកម្ម»។

ប្រភពដដែលបានឲ្យដឹងទៀតថា បុគ្គលិកស្រីមា្នក់បាននិយាយថា ពួកគេបានព្យាយាមទៅធ្វើការអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ប៉ុន្តែត្រូវបានគេឲ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញ៕