(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បាននិយាយថា ប្រទេសខ្លះគួរតែទទួលខុសត្រូវចំពោះការអភិវឌ្ឍ នាពេលអនាគតរបស់អាហ្វហ្គានីស្ថាន ក្នុងនាមជាអ្នកផ្តើមគំនិតនៃស្ថានការណ៍។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១។

ប្រទេសចិនដែលបានសន្យាផ្តល់ជំនួយ និងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់អាហ្វហ្គានីស្ថានបាននិយាយថា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន មានកាតព្វកិច្ចផ្គត់ផ្គង់ប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះ ជាមួយជំនួយសេដ្ឋកិច្ចនិងមនុស្សធម៌។

ទោះជាយ៉ាងណា លោក ស៊ី ក៏បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់នៅអាហ្វហ្គានីស្ថាន លុបបំបាត់អំពើភេរវកម្ម ហើយបានសន្យាថា នឹងផ្តល់ជំនួយបន្ថែមទៀតដល់ប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះ។

លោក ស៊ី បានប្រាប់កិច្ចប្រជុំមេដឹកនាំ នៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ និងក្រុមប្រទេសនៅក្នុងតំបន់មួយផ្សេងទៀតនៅថ្ងៃនេះថា អាហ្វហ្គានីស្ថានគួរតែត្រូវបានដឹកនាំដោយបើកចំហ និងមានលក្ខណៈទូលំទូលាយជាងមុន និងបន្តគោលនយោបាយក្នុងស្រុក និងបរទេសកណ្តាលនិយម៕