(អឺរ៉ុប)៖ គណៈកម្មការអ៊ឺរ៉ុប នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបើកដំណើរការនូវស្ថាប័នទទួលបន្ទុកវិបត្តិសុខាភិបាលមួយ ដែលនឹងសម្របសម្រួលការចំណាយ នូវថវិការបស់សហភាពអ៊ឺរ៉ុប (EU) ប្រមាណ ៣៥.៣ពាន់លានដុល្លារអាមេរិក ដើម្បីត្រៀមខ្លួនសម្រាប់ដោះស្រាយបញ្ហាជំងឺឆ្លងរាតត្បាត នាពេលអនាគត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១។

អាជ្ញាធរត្រៀមបង្ការ និងឆ្លើយតបគ្រាអាសន្នសុខភាពថ្មីខាងលើ ហៅកាត់ថា (HERA) នឹងធ្វើការវាយតម្លៃការគំរាមកំហែងផ្នែកសុខាភិបាល ដែលអាចកើតមានឡើង, លើកកម្ពស់ការស្រាវជ្រាវ, ធានាឱ្យមានផលិតកម្មសំខាន់ៗ និងជួយបង្កើតឃ្លាំងស្តុកផងដែរ។ ប្រសិនបើវិបត្តិសុខភាពថ្មីណាមួយ កើតឡើង អាជ្ញាធរ HERA នឹងបញ្ចេញមូលនិធិសង្គ្រោះបន្ទាន់ ហើយជួយសម្របសម្រួលការតាមដាន ការស្វែងរកទិញ និងការទិញឧបករណ៍វេជ្ជសាស្ត្រ ឬការព្យាបាលជាដើម។

គួរបញ្ជាក់ថា ការបង្កើតអាជ្ញាធរ HERA គឺកើតមានឡើង ស្របពេលដែលពិភពលោក កំពុងបន្តរងការយាយីពីវិបត្តិជំងឺរាតត្បាតសាកល COVID-19 ដែលបានផ្ទុះឡើងដំបូង កាលពីចុងឆ្នាំ២០២០៕