(ម៉ូស្គួ)៖ អង្គការសន្ធិសញ្ញាសន្តិសុខរួមដឹកនាំដោយរុស្ស៊ី (CSTO) បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានត្រៀមខ្លួនជាស្រេច ដើម្បីចាត់វិធានការប្រកបដោយប្រសិទ្ធភាព ក្នុងការធានាសន្តិសុខនៅព្រំដែនភាគខាងត្បូងនៃអង្គការនេះ ដោយសំដៅលើស្ថានភាពនៅប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១។

ក្រុមប្រឹក្សាសន្តិសុខរួមរបស់ CSTO បាននិយាយនៅក្នុងសេចក្តីប្រកាសមួយ បន្ទាប់ពីកិច្ចប្រជុំកំពូល CSTO នៅរដ្ឋធានីនៃប្រទេសតាជីគីស្ថានថា «យើងសូមគាំទ្រចំពោះការបង្កើតអាហ្វហ្គានីស្ថានជារដ្ឋសន្តិភាព និងឯករាជ្យដោយគ្មានអំពើភេរវកម្ម និងគ្រឿងញៀន»។

សេចក្តីថ្លែងការណ៍ដដែលនេះក៏បានអំពាវនាវវដល់ភាគីអាហ្វហ្គានីស្ថានទាំងអស់ដែលពាក់ព័ន្ធនឹងជម្លោះ ចាប់ផ្តើមការចរចាដ៏សំខាន់ស្តីពីការដោះស្រាយដោយសន្តិវិធីឱ្យបានឆាប់តាមដែលអាចធ្វើទៅបានផងដែរ។

គួរបញ្ជាក់ថា CSTO ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ បានដាក់បញ្ចូលអតីតសាធារណរដ្ឋសូវៀតចំនួន៦ប្រទេស ក្នុងនោះរួមមានប្រទេសអាមេនី បេឡារុស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន រុស្ស៊ី និងតាជីគីស្ថាន ដោយមានគោលបំណងការពារសន្តិភាពនិងស្ថិរភាពនៅតំបន់អាស៊ីអឺរ៉ុប (Eurasia)៕