(កាប៊ុល)៖ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) នៃអង្គការសហប្រជាជាតិ (UN) ប្រចាំប្រទេសអាហ្វហ្គានីស្ថាន បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ជនជាតិអាហ្វហ្គានីស្ថានជាង ៦៣៤,០០០នាក់ត្រូវបានផ្លាស់ទីលំនៅនៅក្នុងប្រទេស ដោយសារជម្លោះនៅឆ្នាំ២០២១នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១។

ជនជាតិអាហ្វហ្គានីស្ថានសរុបចំនួន ៦៣៤,៨០០នាក់ត្រូវបានផ្លាស់ទីលំនៅ ដោយសារជម្លោះគិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ក្នុងនោះមាន ២៨២,២៤៦នាក់បានទទួលជំនួយចាំបាច់រួចរាល់។ ទន្ទឹមនឹងនេះ បើតាមតួលេខដែលផ្តល់ដោយ OCHA ជនជាតិអាហ្វហ្គានីស្ថានជាង ២៨,០០០នាក់ក៏បានរងផលប៉ះពាល់ ដោយសារគ្រោះធម្មជាតិនៅទូទាំងប្រទេស នៅក្នុងឆ្នាំ២០២១នេះផងដែរ។

ជុំវិញបញ្ហានេះ ក្រុមមន្រ្តី និងក្រុមភ្នាក់ងារមនុស្សធម៌អាហ្វហ្កានីស្ថាន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពរស់នៅរបស់ក្រុមគ្រួសារ ដែលត្រូវបានផ្លាស់ទីលំនៅនៅក្នុងប្រទេស ចាប់តាំងពីក្រុមតាលីបង់ បានឡើងកាន់អំណាចកាលពីពាក់កណ្តាលខែសីហាមក ដែលបានធ្វើឱ្យប៉ះពាល់ដល់ជីវិតរបស់ស្ត្រី និងកុមារជាច្រើន ដោយសារតែពួកគេមិនមានលទ្ធភាព ចូលទៅកាន់មណ្ឌលសុខភាព និងសាលារៀន។

តាមរយៈកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ ស្តីពីស្ថានភាពមនុស្សធម៌ នៅប្រទេសអាហ្វហ្គានីស្ថាន ដែលរៀបចំឡើងនៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស កាលពីថ្ងៃចន្ទសប្ដាហ៍នេះ អគ្គលេខាធិការ UN លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បាននិយាយថា លទ្ធភាពនៃការដួលរលំសេដ្ឋកិច្ចទាំងស្រុង នៅប្រទេសអាហ្វហ្គានីស្ថាន គឺមានកាន់តែខ្លាំង ហើយតម្រូវការបន្ទាន់ជាទឹកប្រាក់ជំនួយ គឺពិតជាចាំបាច់ណាស់។

កាលពីថ្ងៃអង្គារសប្ដាហ៍នេះ អង្គការសហប្រជាជាតិក៏បានអំពាវនាវដល់បណ្តាប្រទេស ដែលបានសន្យាផ្តល់ជំនួយជាទឹកប្រាក់ចំនួន ១.២ពាន់លានដុល្លារអាមេរិក សម្រាប់ប្រទេសអាហ្វហ្គានីស្ថានរួចទៅហើយនោះ ឱ្យចាត់វិធានការយ៉ាងឆាប់រហ័ស នៅក្នុងការផ្តល់ជំនួយផងដែរ៕