(ញូយ៉ក)៖ នៅថ្ងៃទី១៤ ខែកញ្ញានេះ (ម៉ោងនៅទីក្រុងញូយ៉ក) មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) លើកទី៧៥ នឹងត្រូវបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួនក្នុង ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ជាទីដែលប្រធានាធិបតី, នាយករដ្ឋមន្ត្រី និងមេដឹកនាំ រួមទាំងអ្នកតំណាងនៃប្រទេស ឬរដ្ឋនីមួយៗ ត្រូវជួបជុំគ្នាដើម្បីពិភាក្សា, ជជែកវែកញែក និងផ្ដល់អនុសាសន៍នានាជុំវិញបញ្ហាសកលលោក។

នៅថ្ងៃដ៏សំខាន់នេះក៏មានសំណួរដ៏សំខាន់មួយផងដែរ នោះគឺថាតើនរណានឹងត្រូវធ្វើជាអ្នកតំណាងរបស់មីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ ឬតើថាអាសនៈនេះនឹងត្រូវ ប្រគល់ឱ្យរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា (NUG) ឬក៏ត្រូវបានទៅលើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ឬក៏ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC)? នេះគឺជាភារកិច្ចរបស់គណៈកម្មាធិការ ទទួលសារតាំងនៃមហាសន្និបាតអង្គការសហប្រជាជាតិ (UN General Assembly Credentials Committee) ដែលមានប្រទេសជាសមាជិកចំនួន៩ និងមានតួនាទីផ្ដល់ អនុសាសន៍ឱ្យមហាសន្និបាត UN ថាត្រូវទទួលយក «សារតាំង» របស់ភាគីណាមួយ។ បច្ចុប្បន្ន លោក ក្យ៉ ម៉ូ ទុន (Kyaw Moe Tun) ដែលត្រូវបានតែងតាំងដោយ អតីតរដ្ឋាភិបាលលោកស្រី ស៊ូជី កំពុងកាន់តំណែងជាតំណាងអចិន្ត្រៃយ៍មីយ៉ាន់ម៉ាប្រចាំ UN ហើយតំណែងរបស់លោកនឹងត្រូវបានសម្រេចឡើងវិញដោយគណៈកម្មាធិការ មួយនេះ។

ជាទូទៅ វាជារឿងកម្របំផុតដែលគណៈកម្មាធិការនេះទទួលយក «សារតាំង» របស់រដ្ឋាភិបាលមួយដែលត្រូវបានគេបណ្ដេញពីអំណាច ឬក៏គ្មានអំណាចគ្រប់គ្រងទឹកដី។ តែវា មិនមែនមិនធ្លាប់កើតឡើងនោះទេ។ ដូចជានៅក្នុងករណីប្រទេសហៃទី និងសេរ៉ាឡេអូន កាលពីទសវត្សរឆ្នាំ១៩៩០ ជាពេលដែលរដ្ឋាភិបាលប្រជាធិបតេយ្យត្រូវបានធ្វើ រដ្ឋប្រហារទម្លាក់ពីអំណាច។ មហាសន្និបាតអង្គការសហប្រជាជាតិបានទាត់ចោលរបបដឹកនាំយោធាក្នុងប្រទេសហៃទី ក្នុងឆ្នាំ១៩៩២ ហើយនៅសេរ៉ាឡេអូន នៅឆ្នាំ១៩៩៧ ដែលករណីប្រទេសទាំងនេះស្រដៀងគ្នាទៅនឹងមីយ៉ាន់ម៉ាដែរ។

ក្នុងករណីសេរ៉ាឡេអូន មហាសន្និបាត UN គាំទ្រលើ «សារតាំង» ដែលគណៈកម្មធិការសម្រេចផ្ដល់ឱ្យរដ្ឋាភិបាលរបស់អតីតប្រធានាធិបតីសេរ៉ាឡេអូន លោក អះម៉ាត់ តេចាន់ កាបបាស់ (Ahmad Tejan Kabbah)។ ប៉ុន្តែនៅក្នុងករណីខ្លះ គណៈកម្មាធិការទទួលសារតាំងបានពន្យារពេលធ្វើការសម្រេចចិត្តដោយសុខចិត្តទុកឱ្យ «អាសនៈឱ្យនៅទំនេរ ជាបណ្ដោះអាសន្ន» ដូចជាក្នុងករណីប្រទេសអាហ្វហ្កានីស្ថាននៅឆ្នាំ១៩៩៦ និងនៅកម្ពុជាក្នុងឆ្នាំ១៩៩៧។

*តើ NUG ឬ SAC ដែលនឹងទទួលបានអាសនៈ UN?

នៅក្នុងករណីប្រទេសមីយ៉ាន់ម៉ា, មហាសន្និបាតអង្គការសហប្រជាជាតិបង្ហាញទំនោរគាំទ្ររដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អោង សាន ស៊ូជី។ កាលពីខែមិថុនា កន្លងទៅ មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) បានអនុម័តដំណោះស្រាយមួយដោយអំពាវនាវឱ្យយោធាមីយ៉ាន់ម៉ា គោរពឆន្ទៈរាស្ត្រ និងលទ្ធផលបោះឆ្នោតសកលកាលពី ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលបង្ហាញថាគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ NLD របស់លោកស្រីស៊ូជីជាអ្នកឈ្នះ ព្រមទាំងស្នើឱ្យបណ្ដាប្រទេសដទៃបញ្ឈប់ការលក់ អាវុធឱ្យមីយ៉ាន់ម៉ា។

ដំណោះស្រាយនេះត្រូវបានអនុម័ត ដោយមានតែប្រទេសមួយប៉ុណ្ណោះគឺបេឡារុសដែលបានបោះឆ្នោតជំទាស់ ខណៈបណ្ដាប្រទេសអាស៊ានច្រើនជាងពាក់កណ្ដាលបានបោះឆ្នោតគាំទ្រ។ នៅក្នុងការធ្វើបទបង្ហាញកាលពីពេលៗថ្មីនេះ ក្រុមប្រឹក្សាផ្ដល់យោបល់ពិសេសសម្រាប់មីយ៉ាន់ម៉ា ឬហៅកាត់ថា (SAC-M) បានពន្យល់ថានៅពេលនិយាយ ដល់ការទទួលស្គាល់រដ្ឋាភិបាលថ្មីណាមួយ គឺគេត្រូវពិចារណាលើចំណុច ៣សំខាន់ នោះគឺការគ្រប់គ្រងទឹកដី, ភាពស្របច្បាប់តាមបែបប្រជាធិបតេយ្យ និងការប្រកាន់ខ្ជាប់ច្បាប់ អន្តរជាតិ។ ក្រុមអ្នកច្បាប់ភាគច្រើនយល់ថារដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា (NUG) មានលក្ខណៈសម្បត្តិស័ក្តិសមទទួលបានអាសនៈ UN ជាងរដ្ឋាភិបាលយោធា ដោយសារតែ ភាពស្របច្បាប់កើតចេញពីលទ្ធភាពបោះឆ្នោតតាមបែបប្រជាធិបតេយ្យដោយឆន្ទៈរាស្ត្រ ហើយសមាជិកក្នុងជួររដ្ឋាភិបាលស្រមោលនេះថែមទាំងបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាង មុតមាំចំពោះច្បាប់អន្តរជាតិផងដែរ។

ជាការពិតណាស់ ប្រសិនជាការសម្រេចចិត្តរបស់ UN ធ្វើឡើងផ្អែកលើតែមូលដ្ឋានច្បាប់តែមួយមុខ នោះគេមិនបាច់និយាយអ្វីច្រើនឡើយ ពោលគឺអាសនៈមុខជាត្រូវតែប្រគល់ ឱ្យរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា (NUG)។ តែធាតុពិតវាមិនអីចឹងឯណា ដ្បិតមីយ៉ាន់ម៉ាគឺជាកម្មវត្ថុមួយដ៏ក្ដៅគគុកនៃការប្រជែងភូមិសាស្ត្រននយោបាយរវាងមហាអំណាច ដូចជា ចិន, សហរដ្ឋអាមេរិក និងរុស្ស៊ីជាដើម ដែលសុទ្ធសឹងតែសម្លឹងឃើញប្រយោជន៍ភូមិសាស្ត្រនយោបាយនៅមីយ៉ាន់ម៉ារៀងៗខ្លួន ដើម្បីពង្រីកឥទ្ធិពលរបស់ពួកគេនៅក្នុង តំបន់។ ក្នុងគណៈកម្មាធិការទទួលសារតាំង ក៏មានចិន រុស្ស៊ី និងអាមេរិកជាសមាជិកដែរ។ ដូច្នេះហើយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាសង្ឃឹមថាសម្ព័ន្ធមិត្ត ចិន និងរុស្ស៊ីអាចនឹង រារាំងការផ្ដល់អនុសាសន៍របស់គណៈកម្មាធិការនេះដល់មហាសន្និបាត ដោយសំអាងថាទឹកដីមីយ៉ាន់ម៉ាបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលយោធា មិនមែនរដ្ឋាភិបាលស្រមោលនោះទេ។

លើសពីនេះទៅទៀត អ្វីដែលសំខាន់គឺនៅត្រង់ថាមកទល់នឹងពេលនេះ មិនទាន់មានប្រទេសណាមួយទទួលស្គាល់រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា (NUG)ឡើយ ទោះបីជា តំណាងប្រទេសជាច្រើនបានជួបពិភាក្សាជាមួយតំណាង NUG ក៏ដោយ។ ជាក់ស្ដែង ក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស UN និងអង្គការសុខភាពពិភពលោក (WHO) កាលពីពេលថ្មីៗនេះ ទាំងរដ្ឋាភិបាលស្រមោល និងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា គ្មានមួយណាទទួលបានអាសនៈនៅក្នុងស្ថាប័នទាំង២នេះទេ ហើយលទ្ធផលបែបនេះ ក៏ប្រហែលជាអាចនឹងកើតឡើងម្ដងទៀតនៅឯមហាសន្និបាតអង្គការសហប្រជាជាតិដូចគ្នា។ ពីព្រោះថាប្រសិនបើមានការជំទាស់ខ្លាំងពេកទៅនឹងការផ្ដល់អាសនៈដល់ រដ្ឋាភិបាលស្រមោល នោះគណៈកម្មាធិការទទួលសារតាំង អាចនឹងធ្វើការសម្របសម្រួលមួយ ដោយជ្រើសរើសយកការពន្យារពេលធ្វើការសម្រេចចិត្ត ដោយទុក «អាសនៈ មីយ៉ាន់ម៉ាប្រចាំ UN ឱ្យនៅទំនេរជាបណ្ដោះអាសន្ន» ដូចដែលខ្លួនធ្លាប់ធ្វើក្នុងសំណុំរឿងកម្ពុជា កាលពីឆ្នាំ១៩៩៧។

គួរបញ្ជាក់ថា ការផ្ដល់អាសនៈឱ្យរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ានឹងក្លាយជាជោគជ័យជាប្រវត្តិសាស្ត្រមួយខាងក្រមសីលធម៌សម្រាប់ប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងធ្វើការតស៊ូ។ ប៉ុន្តែ វាអាចនឹងបំផ្លាញក្ដីសង្ឃឹមក្នុងការបិទបញ្ចប់ជម្លោះនៅមីយ៉ាន់ម៉ា ដោយសារតែការទទួលស្គាល់រដ្ឋាភិបាលស្រមោលក្នុងកាលៈទេសៈនេះ អាចនឹងបង្ខំឱ្យយោធាមីយ៉ាន់ម៉ាកាន់តែប្រើធម៌ក្ដៅ ហើយអាចធ្វើឱ្យជម្លោះរាលដាលទៅជាសង្រ្គាមស៊ីវិលក៏ថាបាន។ មិនតែប៉ុណ្ណោះ សម្បទាន ៥ចំណុច ក្នុងនោះមានទាំងការអំពាវនាវឱ្យយោធាបញ្ឈប់ អំពើហិង្សា ដែលសម្រេចឡើងដោយសមាគមអាស៊ានកាលពីថ្ងៃទី២៤ ខែមេសា ក៏អាចនឹងកា្លយទៅជាអាសារបង់ដែរ។

អាស៊ាន បានតែងតាំងបេសកជនពិសេសម្នាក់ទទួលបន្ទុកមីយ៉ាន់ម៉ា ហើយអង្គការសហប្រជាជាតិបានប្ដេជ្ញាចិត្តថានឹងធ្វើការជាមួយបេសកជនពិសេសរូបនេះដើម្បីដោះស្រាយ វិបត្តិមនុស្សធម៌នៅមីយ៉ាន់ម៉ា។ ដូច្នេះការទុកកៅអី UN របស់មីយ៉ាន់ម៉ាឱ្យនៅទំនេរសិន អាចជាជម្រើសមួយដ៏ល្អសម្រាប់ស្ថានភាពជាក់ស្ដែងដែលកំពុងកើតឡើង នៅមីយ៉ាន់ម៉ា ហើយវាក៏អាចបញ្ចៀសកុំឱ្យសង្រ្គាមស៊ីវិលផ្ទុះឡើង ដោយគេអាចរង់ចាំមើលថាតើលទ្ធផលនៃការដោះស្រាយវិបត្តិតាមផ្លូវការទូតរបស់អាស៊ានសិន៕

ប្រភព៖ Lowy Institute (ថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១)